ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ថ្មី ជំនួសមេបញ្ជាការមុនដែលទទួលមរណភាព ដើម្បីដឹកនាំការងារបន្ត ។ ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីស្ថាប័នតុលាការ ថ្នាក់ឧត្តមសេនីយ៍ វរៈសេនីយ៍ នាយទាហាន នាយទាហានរង អភិបាលក្រុង ស្រុក និងប្រធានមន្ទីរមួយចំនួនទៀតនៅក្នុងខេត្ត ។

តាមប្រកាសរបស់ក្រសួងការពារជាតិ និងសេចក្ដីសម្រេចរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សូ សុវណ្ណឌី ពីមេបញ្ជាការរង មកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងលោកវរសេនីយ៍ទោ ឌុច សម្ផស្ស ពីនាយរងសេនាធិការ មកជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍ថា ការសម្រេចតែងតាំងលោក សូ សុវណ្ណឌី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់នេះ ពិតជាស័ក្កិសមនឹងសមត្ថភាព ចំណេះដឹង និងឥរិយាបថយ៉ាងពិតប្រាកដ ។ ការតែងតាំងមុខដំណែងគឺជាការផ្ដល់អំណាច ហើយអំណាចគឺជាភ្លើង បើយើងចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ វានឹងទទួលបានផលល្អ តែបើមិនចេះប្រើប្រាស់ទេនោះ វានឹងមហន្ដរាយជាក់ជាមិនខាន ។ ច្បាប់គឺតឹងរ៉ឹង ប៉ុន្តែអ្នកអនុវត្តច្បាប់ត្រូវមានចរឹកទន់ភ្លន់ បត់បែនទៅលើស្ថានភាពជាក់ស្ដែង ។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ថ្ងៃនេះយើងបានធ្វើពិធីប្រកាសលោកវរសេនីយ៍ឯក សូ សុវណ្ណឌី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដែលបានទទួលមរណភាព ដើម្បីបំពេញរចនាសម្ព័ន្ធក្នុងជួរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ទើបចូលកាន់ដំណែងថ្មី ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ជាមួយមេបញ្ជាការរង និងមន្ត្រីក្រោមឱវាទ ដើម្បីគ្រប់គ្រង ដឹកនាំ អនុវត្តការងារឱ្យកាន់តែល្អប្រសើរថែមទៀត ។ កុំខឹង កុំតាមចាប់កំហុស កុំគុំគួន និងកុំសងសឹក ចំណុចទាំង៤នេះ គឺជាព្រលឹងនៃការសាមគ្គី ។ បើមេបញ្ជាការមានការទទួលខុសត្រូវ មានព្រហ្មវិហារធម៌ និងធ្វើឲ្យមន្ត្រីក្រោមឱវាទគោរពស្រលាញ់គ្រប់ៗគ្នា ។

នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ដើម្បីគ្រប់គ្រងមនុស្សបាន សូមឲ្យមេបញ្ជាការកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការហូបចុក ស្លៀកពាក់ ការស្នាក់នៅ បញ្ហាសុខភាព ការអប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ ការកម្សាន្ដសប្បាយ និងដោះស្រាយរាល់ទុក្ខលំបាក ។ ត្រូវតែស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិត្រូវតែការពារ ប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ ជាមួយគ្នានេះ ត្រូវមានទំនាក់ទំនងល្អជាមួយកម្លាំងសមត្ថកិច្ចនានា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តការងារទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ