រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនជាតិកូរ៉េ២នាក់ និងរឹបអូសគ្រឿងញៀនជាង១គីឡូក្រាម ត្រៀមបញ្ជូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។
ជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ SONG MIN SOO ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិកូរ៉េ កាន់ខិតឆ្លងដែនលេខ M717071112 «មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ (និវេទន៍ក្រហម)» ។ និងម្នាក់ទៀតឈ្មោះCHOI MIN YOUNG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកូរ៉េ ។ វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង១៣៨៩.៥៧ក្រាម រថយន្ត១គ្រឿង ទូរស័ព្ទ៣គ្រឿង ជញ្ជីងថ្លឹង២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត ។

ទាក់ទិននឹងការចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិកូរ៉េ២នាក់ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល កម្លាំងជំនាញការិយាល័យជំនាញទី១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបក្រុមមុខសញ្ញាជនជាតិកូរ៉េ(ខាងត្បូង)២នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម(WISDOM APART M ENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចបន្តទៅឆែកឆេរបន្ទប់៣D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F១ E១២ ជាន់ទី១២ នៃអផាតមិន DIAMOND HOME១ ដែលពួកគេបានជួលស្នាក់នៅ ទើបសមត្តកិច្ច រកឃើញគ្រឿងញៀនជាង១គីឡូក្រាម ។

ក្រោយឃាត់ខ្លួនសង្ស័យទាំង២ នាក់ និងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ