ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីការចេញផ្សាយរបស់កោះសន្តិភាពពីទង្វើមិនប្រក្រតីនៃភាពអសកម្មរបស់អធិការនគរបាលស្រុកបរសេដ្ឋរួចមកថ្មីៗនេះ បានលេចឮពាក្យចចាមអារ៉ាមថា លោកអធិការរូបនេះ ត្រូវបានថ្នាក់លើដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយឲ្យនៅបម្រើការងារជាមន្ត្រីធម្មតា។ បើតាមប្រភពបង្ហើបថា ការដកមកបញ្ឈរជើងនេះ ព្រោះតែថ្នាក់លើបានរកឃើញថា លោកអធិការរូបនេះបានប្រព្រឹត្តកំហុសដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយពិតប្រាកដមែន ហើយការលេចឮពាក្យចចាមអារ៉ាមនេះ គឺកើតឡើងនាថ្ងៃទី24 ខែកក្កដាឆ្នាំ 2020។
យោងតាមមន្ត្រីនគរបាលបម្រើការនៅស្នងការដ្ឋាននគរបាលខេត្ត បានបង្ហើបឲ្យដឹងថាក្រោយពីកោះសន្តិភាពបានចុះផ្សាយអំពីភាពមិនប្រក្រតីរបស់លោកអធិកាស្រុកបសេដ្ឋរួចមក ថ្នាក់លើបានបញ្ជាឲ្យក្រុមការងារចុះធ្វើការស្រាវជ្រាវ ដើម្បីបញ្ជាក់ការពិត។ បន្ទាប់ពីក្រុមមន្ត្រីធ្វើការជាសម្ងាត់ និងយ៉ាងម៉ត់ចត់រួចមក ក៏រកឃើញថា លោកអធិកាស្រុកបរសេដ្ឋរូបនេះ ពិតជាមានកំហុសឆ្គងដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយពិតប្រាកដមែន ក្រោយពីបញ្ចប់ការសាកសួរក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើពិនិត្យ និងវិនិច្ឆ័យ។
ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ នៅសាលប្រជុំផាមរីវើ ស្នងការរងផែនបុគ្គលិក បានអានលិខិតព្រមានលើកទី១ ចំពោះលោកអធិការស្រុកបសេដ្ឋ ដោយទុកឱកាសអោយកែខ្លួនជាថ្មី ។ ស្រាប់តែថ្មីៗនេះ បែរជាលេចពាក្យចចាមអារ៉ាមរឿងដកបញ្ឈរជើងទៅវិញ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ អ្នកយកព័ត៌មានយើងបានព្យាយាមស្វះស្វែងរកការពិតដែរ តែនៅមិនទាន់រកបាននៅឡើយ។
ដោយឡែកបើតាមមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបានខេត្តកំពង់ស្ពឺមួយរូប បានបញ្ជាក់ប្រាប់ថា ពាក្យចចាមអារ៉ាមនេះពិតជាឮមែន តែរឿងការដកមកបញ្ឈរជើង និងឲ្យបំរើជាមន្ត្រីធម្មតានៅមិនទាន់ច្បាស់នៅឡើយទេ។ ប៉ុន្តែមន្ត្រីខ្លះថា ច្បាស់ហើយ…។
ក្រោយពីលេចឮពាក្យចចាមអារ៉ាមថា ថ្នាក់លើបានដកលោក អ៊ុំ ចំរើន មកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីចំណុះអធិការដ្ឋាន និងតាមបណ្ដាប៉ុស្ដិ៍ជាច្រើនបានសំដែងនូវការសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ថ្នាក់លើ។ ហើយក៏មិនអាចសុំការពន្យល់ពីលោក អ៊ុំ ចំរើន បានទេ ជុំវិញពាក្យចចាមអារាមខាងលើ។
សូមរំលឹកថា មន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនរូប បានធ្វើលិខិតស្នើសុំថ្នាក់លើដកលោកអ៊ុំ ចំរើន ចេញពីតួនាទីអធិកាស្រុកបរសេដ្ឋ ក្រោយពីមន្ត្រីទាំងអស់សង្ស័យថា លោកអ៊ុំ ចំរើន ប្រព្រឹត្តអំពើពុករលួយដោះលែងជនសង្ស័យក្នុងអំពើចោរកម្មជាថ្នូរនឹងទឹកលុយជាង១ពាន់ដុល្លារ ព្រមទាំងរឿងមិនប្រក្រត្រីជាច្រើនទៀត។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ