ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលចម្រុះនៃស្នងការនគរបាលខេត្តសៀមរាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការរិយាល័យអន្តោប្រវេសន៍ និងលោកវរសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យស៊ើបអង្កេតបានចុះធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ប្រុសស្រី ៣០នាក់ ដែលលួចឆ្លងដែនចេញពីប្រទេសវៀតណាម តាមច្រករបៀង ។

ដោយមានអ្នកខ្លះមានប៉ាស្ព័រ ខ្លះលួចរត់កាត់វាលស្រែ ចូលមកស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប ហើយត្រូវបានកម្លាំងជំនាញចាប់បញ្ជូនមកការិយាល័យជំនាញ ដើម្បីសួរនាំ និង រៀបចំត្រៀមបណ្តេញចេញពីខេត្តសៀមរាបនៃប្រទេសកម្ពុជា ដែលហេតុការឃាត់ខ្លួនជនជាតិវៀតណាមទាំង៣០នាក់នេះ ធ្វើឡើងនៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវប៊ីតុង ត្រង់ចំនុចប៊ូទិក វិហារា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តបានឱ្យលោកស្នងការរង និងរូបលោកផ្ទាល់ចុះសហការជាមួយកម្លាំងមូលដ្ឋានឃាត់ខ្លួនជនបរទេសដែលជាជនជាតិវៀតណាម ៣០នាក់ ស្រី៨ នាក់ ដែលនាំគ្នាលួចឆ្លងដែន ចេញពីប្រទេសវៀតណាម តាមច្រករបៀង ខ្លះមានប៉ាស្ព័រ ខ្លះ លួច រត់កាត់វាលស្រែ មកលួចស្នាក់នៅខុសច្បាប់ ក្នុងក្រុងសៀមរាប ហើយបញ្ជូនមកការិយាល័យជំនាញ ដើម្បីសួរនាំ និងរៀបចំត្រៀមបណ្តេញចេញពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ។

បច្ចុប្បន្ន កម្លាំងជំនាញ បានរៀបចំធ្វើការបញ្ជូនជនជាតិវៀតណាមចំនួន៣០នាក់ស្រី០៨នាក់ ពីបទលួចឆ្លងដែន ស្នាក់នៅខុសច្បាប់ ទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប នៅនាវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ