ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលវេលាម៉ោង៩និង២០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុកសហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក ចុះល្បាតស្រាវជ្រាវរុករកបានប្រទះឃើញម៉ូតូកែច្នៃចំនួន២គ្រឿង និងមានដាក់ឈើនៅលើម៉ូតូចំនួន៥ដុំ (ពុំទាន់ធ្វើការវាស់វែង) ដែលជនមិនស្គាល់មុខបានគេចខ្លួន ខណៈលួចដឹកយកមកលាក់ទុក នៅត្រង់ចំណុចភូមិសាស្ត្រភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនេះ ។

បានកត់សម្គាល់ឃើញយូរហើយថា កន្លងមក ការដឹកជញ្ជូនឈើម្តងៗ ដោយរថយន្តធំៗ ឆ្ពោះទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយរលូន ។ ក្រោយការរឹតបន្តឹងក៏អស់អាធំៗទៅ នៅសល់អាតូចៗមានម៉ូតូជាដើមចេញមុខប្រកបវិញម្តង ទាំងយប់ទាំងថ្ងៃយកមកទុកម្តុំ សម្រាប់ដាក់ឡានចេញទៅស្រុកយួននៅពេលរត់ការផ្លូវរួច…កុំថាល្បិចនេះគ្មានអ្នកដឹង ។
ក្រុមការងារបានដឹកជញ្ជួនយកមករក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំទុកប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើ ចាត់ការទៅតាមនីតិវិធី ។
ការដឹកជញ្ជូនឈើបែបនេះ នៅតំបន់ព្រៃភ្នំ ប្រៀបដូចស្រមោចពាំស្ករកើតមានជាធម្មតារាប់ឆ្នាំមកហើយ ទើបតែរឹតបន្តឹងក្នុងឆ្នាំនេះទេ សូមជ្រាប ។ រដ្ឋបាលស្រុកកែវសីម៉ាបំភ្លឺព័ត៌មានបង្ក្រាបបទល្មើសព្រៃឈើរដ្ឋបាលស្រុកកែវសីមា នៅថ្ងៃទី២៣ ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្រោយមហាជន មានការភាន់ច្រឡំទៅនិងប្រតិបត្តិការបង្ក្រាប បទល្មើសព្រៃឈើរបស់លេខាធិការដ្ឋាននៃ គណៈបញ្ជាការឯកភាពស្រុកកែវសីមាថាជាការ «បើកបំបុករថយន្តរបស់ក្រុមឈ្មួញដើម្បីចាប់ខ្លួន»។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបង្ហាញថា នៅវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ២០២០ ក្រុមការងារលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក ហឿន សុខណា អភិបាលរងស្រុក និងជាប្រធាន ក្រុមការងារលេខាធិការដ្ឋាន បានធ្វើការចាប់ឃាត់រថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ១គ្រឿង គ្មានផ្លាកលេខ ដែលដឹកឈើប្រភេទលេខ១ សុក្រំចំនួន៣ដុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក អៀង សុគន្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។
ក្នុងសកម្មភាពនោះ ក៏បានធ្វើការឆែកឆេរផ្ទះជនល្មើស ដោយបានរកឃើញគំនរឈើប្រភេទលេខ១ សុក្រំនិងគគីរ ដែលក្រុមជនល្មើសបានដឹកយកមកទុក ចំនួន៣៤ដុំ ក្នុងនោះមាន ឈើសុក្រំចំនួន២៨ដុំ និងគគីរចំនួន៦ដុំ នៅចំណុច បរិវេណផ្ទះរបស់ឈ្មោះ ណាង តៃស្រ៊ាន ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ប្រាប់ថា វត្ថុតាងដែលរឹបអូសរួមមានរថយន្តឆ្លាម ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង គ្មានផ្លាកលេខ ១គ្រឿង ឈើអារបួនជ្រុងចំនួន៣៤ដុំ ដែលឈើទាំងនោះត្រូវប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើជាអ្នកគ្រប់គ្រង ។

ការប្រកាសព័ត៌មាននោះបានបន្តទៀតថា ករណីខាងលើមានការភាន់ច្រឡំដល់មហាជនថាជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបានធ្វើការចោទប្រកាន់ថាក្រុមការងារបង្ក្រាបបទល្មើសរបស់លេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពស្រុក បានបើកបំបុករថយន្តដឹកជញ្ជូនឈើខុសច្បាប់ ពីក្រោយ ធ្វើឲ្យអ្នកបើកបរមានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ។
ជាក់ស្ដែងករណីខាងលើនេះជាករណីបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ ដោយក្រុមជនល្មើសដឹកឈើខុសច្បាប់ បានបើករថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ បំបុកសមត្ថកិច្ចចម្រុះបម្រុងគេចខ្លួន តែត្រូវបានជាប់ជាមួយនឹងកាងរថយន្តមន្ត្រី កងកម្លាំងសមត្ថកិច្ចចម្រុះ ទៅមុខពុំរួច នៅចំណុចកើតហេតុតែម្ដង ។ ក្រុមគ្រួសារជនល្មើសបានចេញមកជួយ និងបានធ្វើសកម្មភាពប្រើហិង្សា និងជេរបញ្ចោក្រុមសមត្ថកិច្ចគ្រប់បែបយ៉ាង ព្រមទាំងបានរារាំងសមត្ថកិច្ចជំនាញពុំឲ្យរឹបអូសវត្ថុតាង និងជនបង្កថែមទៀតផង ៕


ចែករំលែកព័តមាននេះ