ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​ក្ងោក និង​ផ្សិត​ទន្សោង​កំពុង​ហុច​ផល​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ព្រៃ​ពូជ​ក្រ​ញូ​ង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​អភិរក្ស​ព្រៃឈើ​អះអាង​ថា ៖ អនុ​ផល​ព្រៃឈើ​វា​នឹង​ប្រាកដ​កើតឡើង​យ៉ាង​សម្បូរ​បែប សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជា​សហគមន៍ និង​ក្លាយជា​តំបន់​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​ពង្រីក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ…

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​អភិរក្ស​ព្រៃឈើ​អះអាង​ថា ៖ អនុ​ផល​ព្រៃឈើ​វា​នឹង​ប្រាកដ​កើតឡើង​យ៉ាង​សម្បូរ​បែប សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជា​សហគមន៍ និង​ក្លាយជា​តំបន់​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​ពង្រីក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ។

អនុ​ផល​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ពូជ​ក្រ​ញូ​ង​កន្ទួត​ខ្នារ​ក្រៅ ក្នុង​ដែន​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ និង​ស្រុក​បន្ទាយស្រី​នៃ​ខេត្តសៀមរាប នៅ​ក្នុង​ខែកក្កដា​នេះ​បាន និង​កំពុង​បង្ហាញ​ផល​ផ្សិត​ក្ងោក ផ្សិត​ទន្សោង និង​មាន​ផ្សិតកញ្ចូ​ផង​ដែរ ហើយ​ប្រភេទ​ផ្សិត​ទាំងនេះ និង​បន្ត​ឲ្យ​ផល​រហូត​ដល់​ចុងខែ​សីហា​ខាង​មុខ បន្ទាប់​ពី​ក្នុង​តំបន់​ព្រៃ​មួយ​នេះ កាលពី​ក្នុង​មេ​សា​កន្លង​មក និង​ក្នុង​ពេល​ធ្លាក់​ភ្ញៀ​ង​ដំបូង​បាន​ផ្តល់​ផល​ផ្សិត​ប៉ក់ និង​ការ​លូតលាស់​ស្លឹក​ព្រិច​ប្រភេទ​បន្លែ​ព្រៃ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​បាន​អាស្រ័យ​ផល តាម​រដូវ​កាល​ជា​រៀង​រាល់​ឆ្នាំ ។

លោក សេង លន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្នុង​ពេល​ដែល​លោក​កំពុង​ស្ថិត​នៅ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​នាក់ កំពុង​ដក​ផ្សិត​ទាំងនោះ ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​តំបន់​នេះ​ជា​តំបន់​ព្រៃ​ត្រូវ​ការពារ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​មក​ប្រមូល​ផល​ផ្សិត​ទាំងនេះ គឺ​ត្រូវ​ទទួល​បានការ​អនុញ្ញាតិ​ត្រឹមត្រូវ និង​ត្រូវ​ទទួល​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​ពី​ក្រុម​ឆ្មាំ​ការពារ​ព្រៃ​ផង​ដែរ ។

លោក​ថា កិច្ចការ​អភិរក្ស និង​ថែរក្សា​ព្រៃឈើ វា​ច្បាស់​ណាស់ អនុ​ផល​ព្រៃឈើ​ដ៏​សម្បូរ​បែប វា​នឹង​ប្រាកដ​កើតឡើង និង​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ។

ប្រជាពលរដ្ឋ​ដែល​បាន​ចូល​មក​ប្រមូល​ផល​ផ្សិត​នៅ​ក្នុង​ព្រៃ​នោះ ពួក​គេ​ក្នុង​ម្នាក់​ៗ អាច​ដក​ផ្សិត​បាន​ពី​៥ ដល់ ១០​គីឡូក្រាម​តាម​ស្ថានភាព​ជាក់ស្តែង ព្រោះ​ការ​ប្រទះ​ឃើញ​ផ្សិត​នៅ​ក្នុង​ព្រៃ​នេះ វា​ផ្អែក​ទៅ​លើ​របប​ទឹកភ្លៀង​ផង​ដែរ ។ ពួក​គាត់​និយាយ​ដូច​ៗ​គ្នា​ថា ៖ បើសិនជា​រក​ផ្សិត​បាន​តិច​គឺ​ទុក​សម្រាប់​ហូប​ក្នុង​គ្រួសារ ហើយ​បើ​រកបាន​ច្រើន​គឺ​ទុក​សម្រាប់​ហូប​ខ្លះ និង​សម្រាប់​លក់​ខ្លះ ។ ការ​និយាយ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ គឺ​ចង់​បង្ហាញ​ក្នុង​ន័យ​ថា វា​ពុំ​មែន​ដោយសារ​តែ​ភាព​ក្រីក្រ​បង្ខំ​ឲ្យ​ពួក​គាត់​មក​បេះ​ផ្សិត​នោះ​ទេ តែ​ជា​ប្រពៃណី​ប្រចាំ​រដូវ ដែល​ពួក​គាត់​ត្រូវ​ចូល​មក​ប្រមូល​ផល​នៅ​ក្នុង​ព្រៃ​នេះ​។

យ៉ាងណា​ក៏​ដោយ អនុ​ផល​ព្រៃឈើ​បាន​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​ទទួលស្គាល់​ដែរ​ថា មិន​បំផ្លាញ​ព្រៃឈើ ទើប​ទទួលផល​យ៉ាង​ដូច្នេះ​៕