រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោល ជាមន្ត្រីឧទ្យានុរក្សពីការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឍមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្សមកពីខេត្តព្រះសីហនុ កំពង់ស្ពឺ និងកោះកុង ។ នេះបើយោងតាមផេកក្រសួងបរិស្ថាន ។


លោកអ៊ុក ណាវ៉ាន់ អគ្គនាយករងនៃក្រសួងបរិស្ថានបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជនបង្គោលជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានព្រោះថា ពួកគាត់ គឺជាអ្នកប្រឈមខ្លាំងនៅក្នុងការកើតនូវជំងឺគ្រុនចាញ់ ដោយសារតែមន្ត្រីឧទ្យានុរក្ស គឺជាអ្នកការពារ និងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសខុសច្បាប់ផ្សេងៗ ដែលកើតមានឡើងនៅតំបន់ការពារធនធានធម្មជាតិ ពិសេសនៅតំបន់ភ្នំ និងក្នុងព្រៃជាដើម ដូច្នេះការយល់ដឹងពីបញ្ហាជំងឺគ្រុនចាញ់កត្តាសំខាន់បំផុត ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺក្នុងគោលបំណងឱ្យមន្ត្រីឧទ្យានុរក្សក្លាយខ្លួនទៅជាជនបង្គោល ដើម្បីផ្តល់សេវាចែកជូនសម្ភារៈ (មុង ថ្នាំលាប) និងធ្វើតេស្ត (ព្យាបាល) ឬអប់រំប្រជាជន និងមន្ត្រីឧទ្យានុរក្ស ដែលរស់នៅ និងប្រតិបត្តិការងារនៅក្នុងតំបន់ការពារធម្មជាតិ និងយល់ដឹងវិធីបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មកមិនមានអត្រានៃការស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ នេះបានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យបានទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ ។

សូមបញ្ជាក់ថា ជំងឺគ្រុនចាញ់ គឺជាជំងឺដែលឆ្លងពីប្រភពមូសដែកគោលខាំ ហើយនៅប្រទេសកម្ពុជា ជំងឺគ្រុនចាញ់តែងកើតឡើងនៅរដូវវស្សា ហើយភាគច្រើនកើនឡើងនៅតំបន់ដែលមានព្រៃច្រើន សំបូរមូសដែកគោល ដូចជា ខេត្តរតនៈគិរី មណ្ឌលគិរី កំពង់ចាម ព្រះវិហារ ប៉ៃលិន និងពោធិ៍សាត់ជាដើម៕

ចែករំលែកព័តមាននេះ