រាជធានីភ្នំពញ ៖ នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីធ្លាក់បំណែកផ្ទាំងស៊ីម៉ង់ត៍មួយដុំធំ ចេញពីផ្ទះមួយកន្លែង ស្ថិតនៅជាន់ទី៣ បណ្តាលឲ្យត្រូវរថយន្តមួយគ្រឿង ដែលចត់នៅខាងក្រោមនេះ ខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ។
ហេតុការណនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចមុខហាង វ៉ែនតា EYEHUT ស្ថិតនៅផ្លូវកម្ពុជាក្រោម ស្តុបប៊ីអេស BS កែងនិងផ្លូវព្រះមុន្នីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលពេលកើតហេតុ គឺមានរថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ 2BD-8348 របស់ស្ត្រីម្នាក់ដែលជាបុគ្គលិក ហាងវ៉ែនតា EYEHUT មកចតនៅទីនេះជាប្រចាំ លុះនៅម៉ោងកើតហេតុ ស្រាប់តែមានបំណែកស៊ីម៉ងត៍ ទម្ងន់ប្រមាណជាង១០គីឡូ ធ្លាក់មកពីជាន់ទី៣ នៃកម្ពស់អគារ៥ជាន់ បណ្តាលឲ្យចំរថយន្តខូចខាត តែម្តង ប៉ុន្តែសំណាងនោះ គឺមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ ។
ប្រភពបន្តថា ពាក់ព័ន្ធទៅនិងករណីខាងលើនេះ អាជ្ញាធរមូលដ្ឋានមិនទាន់មានដំណោះស្រាយយ៉ាងណានោះទេ ។
ស្របពេលដែលផ្ទះ ដែលបាក់បំណែកស៊ីម៉ង់ត៍នោះ គឺគ្មានមនុស្សរស់នៅនោះទេ ពោលគឺនៅទីនោះភាគច្រើនជាផ្ទះជួល ហើយមានការដ្ឋានជួសជុលផ្ទះមួយកន្លែង ស្ថិតនៅជាន់ទី៥ ។
ចំណែកឯស្ត្រីម្ចាស់រថយន្តវិញ មិនចង់បានអ្វីច្រើននោះទេ គឺគ្រាន់តែសូមអោយម្ចាស់ផ្ទះដែលបង្កចេញមុខមកដោះស្រាយ និងជួសជុលរថយន្តអោយគាត់វិញតែប៉ុណ្ណោះ ។
សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីដំណឹងអំពីស្ថានភាព នៃភាពចាស់ទ្រុធទ្រោម នៃសំណង់អគារ ស្ថិតនៅចំណុចកែងវិថីព្រះមុនីវង្ស និងវិថីកម្ពុជាក្រោមនេះ ដោយសារតែកន្លងមកមិនមានការថែទាំ និងជួសជុល ឲ្យបានល្អប្រសើរឡើយ ៕
















ចែករំលែកព័តមាននេះ