ខេត្តកំពង់ឆ្នាំង ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងល្បឿនលឿន លុះដល់ផ្លូវបែកជា៤ បានបុកជាមួយរថយន្តធុនធំមួយគ្រឿងទៀតបណ្ដាលឲ្យខ្ទេចមុខទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចជាប់របងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៩ និង៩០ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ 3B-3268 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចផ្លូវបែកជា៤ ជាប់របងមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង តែយកចង្កូតមិនទាន់បានជ្រុលទៅបុកនឹងរថយន្ត យីឌុបមួយគ្រឿងទៀត ពាក់ស្លាកលេខ ព្រះសីហនុ 3A-5658 ទិសដៅពីត្បូងទៅជើងបណ្ដាលឱ្យរថយន្តក្រុងផ្តាច់មុខ ទាំងស្រុង និងទៀតថយក្រោយបុករបងមន្ទីរបរិស្ថានមួយជ្រុង។

ចំណែករថយន្តជីដូងប្រេង និងបែកកង់ក្រោយ ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំ លីឆុង អាយុ២១ឆ្នាំ មានស្រុក កំណើតភូមិច្រកជី ឃុំកំពែង ស្រុកគីរីវង់ខេត្តតាកែវ នាំយកទៅធ្វើការពិនិត្យទឹកនោម នូវសារធាតុញៀនផងដែរ។

បច្ចុប្បន្នរថយន្តទាំង២ គ្រឿងនៅកន្លែងកើតហេតុរង់ចាំរថយន្តស្ទូច នាំយកទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឱ្យមានការកកស្ទះចរាចរណ៍មួយរយៈធំ ដោយសាររថយន្តក្រុងដែលរងការខូចខាតនៅតាមផ្លូវ ទម្រាំសមត្ថកិច្ចចុះសម្រួលចរាចរណ៍ ហូបរថយន្តទាំងពីរគ្រឿងចេញពីផ្លូវចេញបាន៕ ដោយ ៖ ពៅ សុខហ៊ាន


ចែករំលែកព័តមាននេះ