ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការ នៃការផ្ទុះឡើងនៃជំងឺឈីកគង់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅភូមិចំនួន៦ នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញផែនការ ការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់ថ្នាំ(អាបែត) នៅភូមិគោលដៅទូទាំង០៩ស្រុក-ក្រុង ដោយចាប់ផ្តើមពីថ្ងៃទី២៤ នេះតទៅ ។
នៅក្រុងប៉ោយប៉ែត គេឃើញ មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ ចុះបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាម ដែលភ្នាក់ងារចម្លង ដោយមូសខ្លា និងក្រុមការងារបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ និងដាក់ថ្នាំ(អាបែត) ផងដែរ ។
លោកអភិបាល អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តបន្ទាយមានជ័យ សូមប្រុងប្រយ័ត្នចំពោះការផ្ទុះឡើងវិញ នូវជំងឺគ្រុនឈីកនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវវិធានការ បំបាត់ជម្រកមូសខ្លា សម្អាតអនាម័យបរិស្ថានតាមផ្ទះសម្បែង គេងក្នុងមុង និងបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត ៕


ចែករំលែកព័តមាននេះ