រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានអាទិត្យមុនខាងព្រះបរមរាជរាំងបានបង្ហាញរូបថតប៉ុន្មានសន្លឹករបស់ ព្រះអង្គម្ទាស់ក្សត្រី នរោត្តម ពង្សសូរិយា ដែលមានរូបសម្រស់ស្រស់សោភា ក្រោយពីព្រះនាងបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ សាធារណរដ្ឋប្រជាមានិតចិន ។

ស្រាប់តែការបង្ហាញរូបភាពជាសាធារណៈលើកទី១ របស់ព្រះអង្គម្ទាស់ក្សត្រី នរោត្តម ពង្សសូរិយាមិនត្រឹមតែទាក់ទាញសារព័ត៌មានក្នុងស្រុកចុះផ្សាយព្រោងព្រាតនោះទេ តែថ្មីៗនេះព្រះអង្គម្ទាស់ក្សត្រី នរោត្តម ពង្សសូរិយា បានក្លាយជាប្រធានបទធំមួយលើបណ្តាញសារព័ត៌មានបរទេសធំមួយដែលបានលើកសរសើរអំពីសមត្ថភាពខ្ពស់របស់ព្រះនាង ភាពឆ្លាតវ័យ និងរូបសម្បត្តិស្រស់ស្អាតទាំងវ័យក្មេង។

ជាក់ស្តែងព្រះអង្គម្ទាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏ក្លាយជាប្រធានបទរបស់សារពត៌មានល្បីឈ្មោះ South China Morning Post លើទំព័រ style បានចុះផ្សាយលើកសរសើរពីរួបសម្រស់ សមត្ថភាពខ្ពស់ ទៅលើព្រះនាងចំពោះភាពវ័យឆ្លាត និងមានសមត្ថភាពទាំងវ័យក្មេង ។ ដោយនៅក្នុងនោះក៏បានសរេសររៀបរាប់ពីសម្រស់របស់ព្រះអង្គម្ទាស់ក្សត្រី នរោត្តម ពង្សសូរិយា ដែលមានការចាប់អារម្មណ៍ជាច្រើនពីប្រជាជនចិនចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះនាងនៅអំឡុងពេលសិក្សានៅក្នុងប្រទេសចិនផងដែរ ។
បន្ថែមពីលើនេះ ព្រះនាងក៏ទទួលបានការសរសើរពីប្រជាជនចិន ទៅស្ទាយនៃការតុបតែងព្រះកាយ ដែលមើលទៅពិតជាសាកសមទៅនឹងឋានៈក្នុងខ្សែរាជវង្ស ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ងាកទៅការចុះផ្សាយរបស់សារព័ត៌មានបរទេសជាភាសាអង់គ្លេសក៏បាននិយាយដល់ការសិក្សារបស់ព្រះនាងថា ជុំវិញការជ្រើសរើសសាកលវិទ្យាល័យរបស់ព្រះនាងសិក្សានៅប្រទេសចិន បានក្លាយជាចំណុចគួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះខ្សែរាជវង្សតិចណាស់លើពិភពលោកដែលបានបញ្ជួនព្រះរាជវង្សរបស់ពួកគេទៅសិក្សានៅប្រទេសចិន។

យ៉ាងណាមិញ អ្នកខ្លះមានលើកឡើងថា នេះអាចជាការសម្រេចចិត្តផ្នែកនយោបាយដែលមានគោលបំណងពង្រឹងចំណងមិត្តភាពកម្ពុជាជាមួយចិនផងដែរ ៕
ចែករំលែកព័តមាននេះ