ខេត្តព្រះសីហនុ ៖ ដោយអនុវត្តទៅតាមបទបញ្ជារបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ បានដឹកនាំកម្លាំងចំរុះចុះបិទសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីឲ្យរុះរើសំណង់អនាធិបតេយ្យ ដែលបានសង់នៅលើដីកម្មសិទ្ធិឯកជនរបស់ឈ្មោះ ឆៃ ជីងហ៊ាង ស្ថិតនៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គណៈបញ្ជាការឯកភាពនេះ ដឹកនាំដោយ លោក ស៊ុន ពិសី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយមានការចូលរួមពីស្ថាប័នជំនាញផ្សេងៗ ហើយជាការអនុវត្តទៅតាមបទបញ្ជារបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន តាមរយៈលិខិតចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរបានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជាពីអាជ្ញាធរខេត្ត រដ្ឋបាលស្រុក ស្ទឹងហាវ ក៏បានចេញសេចក្តីជូនដំណឹងជាច្រើន លើករួចមកហើយ ដើម្បីឲ្យក្រុមជនទាំងនោះរុះរើចេញ ប៉ុន្តែទោះបីជាអាជ្ញាធរបានពន្យល់យ៉ាងណា ក៏ពួកគាត់មិនព្រមអនុវត្តតាមដែរ ហើយថែមទាំងអោយប្រព័ន្ធព័ត៌មានមួយចំនួនឲ្យផ្សាយមួលបង្កាច់ការពិតទៀតផង។
បើតាមអាជ្ញាធរ ក្រុមនេះមានមេខ្យល់នៅពីក្រោយខ្នង ញុះញង់ឲ្យដើរចាប់ដីរបស់អ្នកដទៃធ្វើកម្មសិទ្ធិ ដោយប្រើយុទ្ធសាស្ត្រ «ឈ្នះបានដី ចាញ់បានលុយ» ហើយពួកគេអាចប្រើយុទ្ធសាស្ត្រ «ផ្ទះហោះ» ផងដែរ ដើម្បីសម្រេចបំណងរបស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈចុះបិតសេចក្តីជូនដំណឹងនោះ លោក ស៊ុន ពិសី លើកឡើងថា ការចុះមកនេះ គឺដើម្បីបិទផ្សាយជូនដំណឹងជាលើកទីពីរ ដូច្នេះសូមឲ្យបងប្អូន ដែលមកចាប់យកដីសង់ខ្ទមតូចៗលើដីកម្មសិទ្ធិរបស់គេនេះ ធ្វើការសហការអនុវត្តរុះរើសំណង់ ឬខ្ទមចេញពីដីកម្មសិទ្ធិអ្នកដទៃតាមសេចក្តីជូនដំណឹងរបស់សាលាខេត្ត និងស្រុក។

បើតាមលោក ស៊ុន ពិសី ការចុះបិទសេចក្តីជូនដំណឹងនេះ ក៏មានការចូលរួមពីតំណាងម្ចាស់ដីចូលរួមផងដែរ ។ លោកអភិបាលរងស្រុកបញ្ជាក់ថា កន្លងមកអាជ្ញាធរក៏ធ្លាប់បានចុះធ្វើសេចក្តីជូនដំណឹងនេះជាច្រើនលើករួចមកហើយផងដែរ ពីព្រោះពីមុនមិនមានការសាងសង់ច្រើនបែបនេះទេ តែពួកគាត់មិនព្រមអនុវត្ត។
យោងតាមលិខិតរបស់រដ្ឋបាលស្រុកស្ទឹងហាវ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ ដែលជម្រាបជូនទៅប្រជាពលរដ្ឋ ដែលបានសាងសង់ខ្ទមអនាធិបតេយ្យនៅលើដីដែលមានប័ណ្ណកម្មសិទ្ធិលេខ BII 0112 ដល់ BII 0131 ចំនួន២០ក្បាលដី ទំហំ១០០ហិកតា ស្ថិតនៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ឈ្មោះ ឆៃ ជីងហ៊ាង បានបញ្ជាក់ថា កន្លងមករដ្ឋបាលស្រុកបានចុះធ្វើការណែនាំដល់បងប្អូនដែលបានរំលោភកាន់កាប់ និងសាងសង់ខ្ទមនៅលើដី ដែលជាកម្មសិទ្ធិឯកជន តែបងប្អូនប្រជាពលរដ្ឋនៅតែបន្តកាន់កាប់ទន្ទ្រានមិនខ្លាចញញើតច្បាប់សោះឡើយ។
ដូច្នេះចំពោះបងប្អូន ដែលបានសាងសង់ខ្ទមអនាធិបតេយ្យនៅលើដីដែលមានក្នុង ប័ណ្ណកម្មសិទ្ធិខាងលើ ត្រូវធ្វើការរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ជាកំហិត។ ប្រសិនបើដល់ពេលកំណត់ថ្ងៃ នៃសេចក្តីជូនដំណឹងនេះហើយ បងប្អូននៅតែមិនរុះរើដោយខ្លួនឯងនោះទេ រដ្ឋបាលស្រុកស្ទឹងហាវ នឹងដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះរុះរើខ្ទមទាំងនោះចេញ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈរបស់បងប្អូននោះឡើយ។

ចំពោះបងប្អូនដែលរឹងទទឹង មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងមានវិធានការតាមផ្លូវច្បាប់។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទឹងហាវ ធ្វើឡើងតាមបទបញ្ជារបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន តាមរយៈលិខិតចុះថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០។
លោក គួច ចំរើន បានបញ្ជាក់នៅលើលិខិត ដែលផ្ញើជូនលោកអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវថា រដ្ឋបាលខេត្តព្រះសីហនុបានទទួលរួចហើយនូវរបាយការណ៍ ស្ដីពីការចុះអន្តរាគមន៍ និងណែនាំក្រុមអនាធិប តេយ្យ ដែលរស់នៅលើដីកម្មសិទ្ធិឯកជនរបស់ឈ្មោះ ឆៃ ជីងហ៊ាង សរុបចំនួន២០ ប័ណ្ណ ដែលមានទំហំ១០០ហិកតា ស្ថិតនៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទិញតាមរយៈការដេញថ្លៃលក់ឡៃឡុង នៅសាលាដំបូងខេត្តព្រះសីហនុ ។ ដូច្នេះករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ប្រគល់ជូនសាលាស្រុកស្ទឹងហាវ ដើម្បីដឹកនាំរៀបចំនីតិវិធី ហើយអភិបាលនៃគណៈអភិបាល ស្រុកស្ទឹងហាវត្រូវចាត់ចែងអនុវត្តការងារឲ្យមានប្រសិទ្ធភាព។
លោក ឆៃ ជីងហ៊ាង ជាម្ចាស់ដីបានឪ្យដឹងថា ដីនេះលោកបានទិញពីការដាក់ដេញថ្លៃរបស់តុលាការ ដោយសារម្ចាស់ដីដើមបានជំពាក់លុយធនាគារ ហើយត្រូវបានតុលាការប្រកាសដាក់ដេញថ្លៃលក់ ពេលនោះមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃដល់ទៅ4-5លើកឯណោះ។
ក្រោយមកលោក (ឈ្មោះ ឆៃ ជីងហ៊ាង) គឺជាអ្នកដេញថ្លៃបាន។ មានន័យថា ដីនេះ គឺជាដីមានម្ចាស់ច្បាស់លាស់មានប្លង់កម្មសិទ្ទិរួចហើយ ទើបអាចយកទៅបញ្ចាំធនាគារបាន ហើយនៅពេលដេញថ្លៃបានអាជ្ញាធរជំនាញគ្រប់ស្ថាប័នបានកាត់ឈ្មោះពីម្ចាស់ដើមទៅឱ្យឈ្មោះ ឆៃ ជីងហ៊ាង ដែលទិញបានពីតុលាការដាក់ដេញថ្លៃតាមនីតិវិធីច្បាប់។
ដោយឡែក ការចុះអនុវត្តន៍របស់អាជ្ញាធរមានសមត្ថកិច្ចនៅពេលនេះ គឺមានពាក់ព័ន្ធទៅនឹងបុគ្គលខិលខូចមួយចំនួន ដែលមានមេខ្យល់បំផុសបំផុលនៅពីក្រោយខ្នងទៅសង់ខ្ទមអនាធិបតេយ្យនៅលើដីនោះ។ ដូច្នេះតាមទិដ្ឋភាពច្បាប់បុគ្គលទាំងឡាយណាទៅរំលោភបំពានសាងសង់លំនៅដ្ឋាននៅលើដីតែមានម្ចាស់កម្មសិទ្ធិស្របច្បាប់ គឺជាអំពើខុសច្បាប់ហើយជាបទល្មើសព្រហ្មទណ្ឌទៀតផង។ ប៉ុន្តែខណៈពេលនេះ អាជ្ញាធរមានសមត្ថកិច្ចកិច្ច បានព្យាយាមប្រាប់ឲ្យពួកគាត់រុះរើសំណង់អនាធិបតេយ្យនោះចេញពីលើដីកម្មសិទ្ធិស្របច្បាប់របស់គេតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ