រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានវិធានការចំពោះក្រុមហ៊ុនដឹកជញ្ជូន ប្រសិនបើអ្នកបើកបរពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនពីព្រោះគ្រឿងញៀនក៏បង្កគ្រោះថ្នាក់ចរាចណ៍ផងដែ រ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក កែ គឹមយ៉ាន បានលើកឡើងថា រឿងពិនិត្យទឹកនាម អ្នកបើកបរដើម្បីរកសារធាតុញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចធ្វើម្នាក់ឯងបានឡើយ ត្រូវមានការចូលរួមពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យល់ និងអប់រំអំពីហានិភ័យនៃការប្រើប្រាស់គ្រឿង ។

លោកបន្តថា៖ «ហើយយើងត្រូវគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន និងសាលារៀនបើកបរត្រូវ មានការតឹងតែបំផុត ឬមានវិធានការផាកពិន័យក្រុមហ៊ុនណា (ក្រុមហ៊ុនដឹកជញ្ជូន) ដែលមានចំនួនអ្នកបើកបរប្រើប្រាស់គ្រឿងញៀនច្រើន» ។ លោកក៏បានស្នើឲ្យក្រសួងសុខាភិបាល នៅពេលចុះពន្យល់ប្រជាពលរដ្ឋអំពីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ក៏ត្រូវពន្យល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងពីព្រោះគ្រឿងនាំឲ្យខាតបង់ថវិកានៅក្នុងក្រុមគ្រួសារផងដែរ ។

ឆ្លៀតឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មាតា-បិតា ត្រូវតាមដានកូនចៅរបស់ខ្លួនក្រែងពួកគាត់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន បើសិនពួកគាត់ពាក់ព័ន្ធគ្រឿងញៀនត្រូវនាំពួកគាត់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលថា តើពួកគាត់ពាក់ព័ន្ធគ្រឿងញៀនឬអត់? ដើម្បីមានវិធានបន្ដទៀត។ សូមរំលឹកថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស បានចំនួន៥.៤៦៣ករណី និងឃាតត់ខ្លួនមនុស្សចំនួន១០.៨៧៧នាក់ ហើយបានចាប់យកគ្រឿងញៀន ចំនួន២៦១គីឡូក្រាម ៕
ចែករំលែកព័តមាននេះ