ខេត្តតាកែវ ៖ កន្លងមក ភ្ញៀវដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានទន្លេបាទី បានរិះគន់ថា បុរសមាឌធំម្នាក់មុជទឹកសុំទានតាមផ្ទះទឹកក្នុងទន្លេបាទីជាមនុស្សមិនល្អ ជាមនុស្សគួរឱ្យខ្លាច ប៉ុន្តែបានជួបផ្ទាល់ទើបដឹងការពិត និងគួរឱ្យអាណិតទៅវិញទេ ។

នៅរមណីយដ្ឋានទន្លេបាទីគេឃើញមានបុរសម្នាក់សុំទាន ដោយមុជងើបក្នុងទឹកតាមខ្យុស «ផ្ទះទឹក» ទៅអើតលិបលមើលគេអង្គុយកម្សាន្ត ។ ភ្ញៀវដែលមកកម្សាន្តនៅលើផ្ទះទឹក តែងតែបានគិតថាបុរសនេះជាមនុស្សមិនល្អ និងកាច មិនមែនសុំទានទេគឺចាំលួចរបស់របរ ឬក៏ធ្វើទុក្ខបុកម្នេញភ្ញៀវមិនឱ្យគេកម្សាន្តសប្បាយ ។
តាមការស្រាវជ្រាវរបស់កោះសន្តិភាពដែលបានទៅជួបផ្ទាល់ទើបដឹងរឿងពិត ។ បុរសសុំទាននេះសម្បុរខ្មៅ រាងក្រអាញ វ័យកណ្តាល ជាអ្នកភូមិថ្នល់ទក្សិន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ឈ្មោះ សុី ថា រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់បានប្រាប់ឱ្យដឹងថា បុរសម្នាក់នេះឈ្មោះ សុខ ឃឿន ប្រកបរបរសុំទាននៅរមណីយដ្ឋានទន្លេបាទីនេះតាំងពីក្មេង បើនិយាយពីរយៈពេលមុខរបរគាត់មានជាង២០ឆ្នាំមកហើយ មិនដែលប៉ះពាល់របស់របរអ្នកណាទេ ។ ប៉ុន្តែបើមើលរូបរាងគាត់គួរឱ្យខ្លាចមែន ការពិតគាត់ស្លូតត្រង់មិនដែលបង្កបញ្ហា ។

អ្នកទេសចរណ៍ទៅកម្សាន្តនៅផ្ទះទឹកសឹងគ្រប់គ្នាដែលមកដើលេងនៅរមណីយដ្ឋានទន្លេបាទី ពិសេសអង្គុយលេងផ្ទះទឹកសុទ្ធតែបានឃើញនិងជួប ហើយមានអារម្មណ៍ភ័យខ្លាចចំពោះបុរសមុជទឹកសុំទាននេះហែលមកអើតពីក្រោមខ្យុស និងតោងបង្កាន់ដៃខ្យុស ។
ជួបជាមួយឈ្មោះ សុខ ឃឿន បានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា ឆ្នាំនេះខ្ញុំអាយុ៤០ឆ្នាំហើយខ្ញុំនៅលីវ មានបងប្អូន៧នាក់ ។ សព្វថ្ងៃរស់នៅជាមួយឪពុកអាយុ៧៥ឆ្នាំ ម្តាយអាយុ៧៤ឆ្នាំ មានជំងឺប្រចាំកាយនៅភូមិថ្នល់ទក្សិននេះ ។ គាត់ថា របរសុំទានរបស់គាត់២៥ឆ្នាំមកហើយ គឺនៅតែក្នុងរមណីយដ្ឋានទន្លេបាទីនេះ ។ គាត់និយាយសម្តីល្អប្រាក់កោះសន្តិភាពថា ដំបូងខ្ញុំដើររើសអេតចាយ សម្បកកំប៉ុង តាមមាត់ទន្លេនិងផ្ទះទឹក និងកំប៉ុងអណ្តែតលើផ្ទៃទឹកទន្លេ ។

ក្រោយមកក៏ចាប់ផ្តើមសុំទានតាមគេតាមឯង ។ ដោយខ្យុស«ផ្ទះទឹក» គេសង់លើទឹកគាត់ក៏ដើរលុយទឹកទៅរកសុំទានគេ ។ សុខ ឃឿន បានឱ្យដឹងថា ខ្ញុំមុជទឹកសុំទាន ខ្ញុំសុំតែលុយគេទេ ហើយបើគេឱ្យបានយក អត់សម្លុតគំរាមគេទេ ហើយរបស់របរគេ ខ្ញុំមិនដែលប៉ះពាល់ទេ ទោះមិនមានមនុស្សនៅក៏ដោយ ។ ខ្ញុំសុំទានយកលុយមកទិញថ្នាំព្យាបាលជំងឺឪពុក ម្តាយខ្ញុំ ខ្ញុំមិនដែលចេះលេងល្បែង ឬជាអ្នកជក់ថ្នាំញៀនទេ ។

សុខ ឃឿន បន្តទៀតថា ជាង២០ឆ្នាំមកនេះ បានឃើញនិងដឹងច្បាស់ថា ភ្ញៀវណាស្លូតភ្ញៀវណាកាច ខ្ញុំជួបប្រទះអស់ហើយ ក្នុងជីវិតក្រីក្រនេះ ។ សុខ ឃឿនថា ភ្ញៀវដែលកាចគឺភ្ញៀវដែលមានដៃគូ បានយកខ្យុសជាកន្លែងរួមភេទ ។ ពេលខ្ញុំហែលទឹកទៅនៅពីក្រោម គេបានគំរាមខ្ញុំសព្វបែបយ៉ាង ។

មានពេលខ្លះ គេយកដបគប់ដេញខ្ញុំក៏មានដែរ ។ មកដល់ថ្ងៃនេះគាត់ត្រូវគេយកកាំភ្លើងភ្ជង់៣លើកនិងប៊ិកចាក់ចំថ្ងាស២លើក ព្រោះតែចង់មើលឱ្យឃើញគេនែបនិត្យឱបរឹតគ្នា ។ គាត់រៀបរាប់ទៀតថា តែយ៉ាងណានៅតែសុំទាននៅទីនេះ ដើម្បីចិញ្ចឹមខ្លួននិងកំដរជីវិតឪពុកម្តាយគាត់ដល់ថ្ងៃអស់សង្ខារ និងមិនទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមឡើយ ។ គាត់ថាគេឱ្យក៏ឱ្យទៅ គេមិនឱ្យក៏ហីទៅ ៕

ចែករំលែកព័តមាននេះ