រាជធានីភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃេីញមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៤នាក់បន្ថែមទៀត លេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ នៃការធ្វេីចត្តាឡីស័ករបស់ពួកគាត់ ដែលទើបត្រឡប់មកពីប្រទេសម៉ាលី ។

សូមបញ្ជាក់ ៖ ករណីអ្នកកើតកូវីដ១៩ ខាងលើ ជាបុរសជនជាតិខ្មែរ ដែលមាន៣នាក់ និងស្ត្រី០១នាក់ ។ រួមមាន ៖ បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ ។ បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប និងស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា មានសរុបចំនួន ៨០នាក់ (ស្រី ០៧នាក់) បានវិល ត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលតេស្តលើកទី១ របស់ពួកគាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ ។ ដោយឡែកនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់តែម្តង ។
សូមបញ្ជាក់ ៖ កម្ពុជាយើងមានអ្នកកើតកូវីដ១៩ ទាំងអស់មាន២០២នាក់ហើយ
អ្នកកើតកូវីដ១៩ ថ្ងៃនេះមាន៤នាក់ទៀត លើកងទ័ពមួកខៀវកម្ពុជាដែលទើបត្រឡប់ពីប្រទេសម៉ាលី ខណៈអ្នកកំពុងដែលកំពុងសម្រាកព្យាបាលមានរហូតដល់ ៦០នាក់ ៕

ចែករំលែកព័តមាននេះ