រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ មន្រ្តីជំនាញសន្និដ្ឋានបឋមថា ស្លាប់ដោយសារខ្យល់គនោះ បន្ថែមលើនេះ លទ្ធផលនៃការវិភាគរបស់មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចេញផ្លូវការនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែកក្កដានេះ បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល សន្និដ្ឋានលើករណីស្លាប់នេះ គឺបណ្តាលមកពីខ្យល់គរ យ៉ាងពិតប្រាកដ មិនមែនដោយសារ វីរុសកូវីដ-១៩ នោះទេ ។
បើតាមលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ជនជាតិខ្មែររូបនេះបានស្លាប់ នៅវេលាម៉ោងប្រហែល៧និង៣០យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អំឡុងពេលធ្វើចត្តាឡីស័កបាន៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់ទៀត នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយយកមកលេបផងដែរ ។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ ។ បើតាមប្រធានសុខាភិបាល ជនរងគ្រោះស្លាប់ មិនបណ្តាលមកពីជំងឺកូវីដ១៩នោះឡើយ ដោយសារខាងគ្រូពេទ្យមិនទាន់បានយកសំណាកទៅពិនិត្យនៅឡើយនោះទេ ៕


ចែករំលែកព័តមាននេះ