ឆែកទីតាំងលក់ម៉ូតូ២កន្លែង រកឃើញម៉ូតូអត់ពន្ធ១២គ្រឿងឯណោះ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០បានធ្វើការបង្ក្រាបស្តង់លក់ម៉ូតូចំនួន២កន្លែង នៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតម៉ូតូអត់ពន្ធបានចំនួន១២គ្រឿងដែលដាក់បន្លំលក់ជាមួយម៉ូតូត្រឹមត្រូវ ។

ការបង្ក្រាបម៉ូតូអត់ពន្ធនេះ ដឹកនាំដោយលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីនគរបាល និងកងរាជអាវុធហត្ថផងដែរ ហើយក្នុងចំណោមម៉ូតូទាំង១២គ្រឿងមានម៉ាក ហុងដាឃ្លីក ហ្សូ៊ម័រ
អ៊ិច ស្គូពី និងភីស៊ីអ៊ិច ។

ក្រោយពេលដកហូត ម៉ូតូទាំង១២គ្រឿងនេះត្រូវបានដឹកតាមរថយន្តយកទៅការិយាល័យគយនិងរដ្ឋាករតំបន់៥ ដើម្បីឲ្យម្ចាស់ស្តង់ទាំង២កន្លែងចូលខ្លួនបង់ពន្ធតាមច្បាប់ ។
គួររំឭកថា កន្លងមកមន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បន្ទាយមានជ័យ បង្ក្រាបម៉ូតូនាំចូលអត់ពន្ធជាញឹកញាប់នៅតាមស្តង់លក់ម៉ូតូ ក្នុងក្រុងប៉ោយប៉ែត ដែលឈ្មួញនាំចូលពីថៃ និងតម្រូវឲ្យម្ចាស់ចូលខ្លួនបង់ពន្ធជូនរដ្ឋ ។

តាមការកត់សម្គាល់ទៀត កន្លងមកម៉ូតូគេចពន្ធបាននាំពីប្រទេសថៃចូលតាមច្រកបឹងត្រកួនក៏មិនតិចដែរ…យូរៗបង្ក្រាបម្តងយកស្នាដៃ ៕ (កែសម្រួលដោយ ៖ បុប្ផា)











ចែករំលែកព័តមាននេះ