ខេត្តបន្ទាយមានជ័យ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានចុះបិទយានដ្ឋានកែច្នៃរថយន្តខុសច្បាប់មួយកន្លែង នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ការចុះបិទយានដ្ឋានកែច្នៃរថយន្តខុសច្បាប់ដោយបន្លំថាជាកន្លែងជួសជុលរថយន្តនេះ ដឹកនាំ
ដោយលោកប្រធានមន្ទីរ សុក ចាន់ថា ។ លោកបានប្រាប់ថា យានដ្ឋានកែច្នៃរថយន្តនេះមានម្ចាស់ឈ្មោះ ឆាយ ឈាន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ខាងលើ ។ នៅពេលទៅពិនិត្យផ្ទាល់ឃើញថា គេមានច្បាប់សុំត្រឹមជួសជុលរថយន្ត តែតាមការពិនិត្យជាក់ស្តែងគឺមានការកែច្នៃរថយន្តធុនធំខុសលក្ខណៈបច្ចេកទេស ដែលល្មើសនឹងច្បាប់ ។

លោកប្រធានមន្ទីរបញ្ជាក់ថា ក្រោយពេលរកឃើញថាយានដ្ឋានខាងលើនេះមានការកែច្នៃរថ
យន្តធុនធំខុសច្បាប់ជាច្រើនឆ្នាំមកហើយ ហើយតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ទើបសមត្ថកិច្ចចម្រុះមានមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងនគរបាលការិយាល័យសណ្តាប់ធ្នាប់ខេត្ត បានសម្រេចបិទយានដ្ឋាននេះតែម្ដង ចាប់ពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២០តទៅ ។

លោក សុក ចាន់ថា បញ្ជាក់ថា ម្ចាស់យានដ្ឋានឈ្មោះ ឆាយ ឈាន កន្លងមកកាលអាណត្តិប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមុន ធ្លាប់បានឲ្យមន្ត្រីជំនាញចុះពិនិត្យម្តងជាពីរដងមកហើយ និងបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកែច្នៃរថយន្តខុសច្បាប់ ដែលអាចនឹងបង្កគ្រោះថ្នាក់ ។

ជាក់ស្ដែង រថយន្តចូលកែច្នៃ១គ្រឿងបានបើកថយបុកបណ្ណាគារបន្ទាយស្រីបណ្តាលឱ្យខូចខាត និងបង្ករំខានដល់អ្នកជិតខាងព្រោះយានដ្ឋាននៅកណ្តាលក្រុង ព្រមទាំងឲ្យធ្វើកិច្ចសន្យាផ្លាស់ប្តូររកទីតាំងថ្មី ប៉ុន្តែតែនៅតែធ្វើសកម្មភាពកែច្នៃរថយន្តខុសច្បាប់ទៀត ទើបសម្រេចឱ្យបិទយានដ្ឋានតែម្តង ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ