ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ពាក្យ​ចចាមអារ៉ាម​ថា សហគមន៍​ព្រៃឈើ​សែន​មនោ​រម្យ​ត្រូវ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ឃុបឃិត​គ្នា​លក់​គ្មាន​សល់ គ្មាន​​ចម្លើយ​ច្បាស់​ទេ​!

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សហគមន៍​ព្រៃឈើ​សែន​មនោ​រម្យ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ហោង​សំណំ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទំហំ​ផ្ទៃដី 447 ហិ​កតា ដែល​ជា​ដី​ព្រៃ​បំរុង​របស់​រដ្ឋ ពេល​នេះ​លេចឮ​ពាក្យ​ចចាម​អារ៉ាម​ថា ត្រូវ​បាន​ខាង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សង្កែ​សាទ​ប…

ខេត្តកំពង់ស្ពឺ ៖ សហគមន៍​ព្រៃឈើ​សែន​មនោ​រម្យ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ហោង​សំណំ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទំហំ​ផ្ទៃដី 447 ហិ​កតា ដែល​ជា​ដី​ព្រៃ​បំរុង​របស់​រដ្ឋ ពេល​នេះ​លេចឮ​ពាក្យ​ចចាម​អារ៉ាម​ថា ត្រូវ​បាន​ខាង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សង្កែ​សាទ​ប និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឪ​រ៉ា​ល់ ឃុប​ឃិត​គ្នា​លក់​យក​លុយ​ចែក​គ្នា​ធ្វើ​មានបាន ដោយ​យក​ចំណែក​តូច​មួយ​យក​មក​ចែក​ជូន​ប្រជាពល​រដ្ឋ​កុំ​ឲ្យ​មានការ​បះបោរ​តវ៉ា​។

យោង​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​គេ​ចែក​ចំណែក គឺ​មាន​តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មនោ​រម្យ​តែ​ប៉ុណ្ណោះ ក្នុង​នោះ​មួយ​គ្រួសារ​ដំបូង​ឡើយ​លើក​ទី​1 ត្រូវ​បាន​ខាង​រដ្ឋ​បាល​ព្រៃឈើ ចែក​លុយ​ឲ្យ​ក្នុង​មួយ​គ្រួសារ​ចំនួន​700​ដុល្លារ​, លើក​ទី​2 ចែក​ឲ្យ​ក្នុង​មួយ​គ្រួសារ 200 ដុល្លារ និង​លើក​ទី​3 ឲ្យ​ក្នុង​មួយ​គ្រួសារ 300 ដុល្លារ​។ ក្នុង​នោះ​គ្រួសារ​ដែល​បាន​ទទួល​លុយ​មាន​រហូត​ដល់ 250 គ្រួសារ​។

ប្រភព​បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​ដី​សហគមន៍​សែន​មនោ​រម្យ គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ឃុបឃិត​គ្នា​លក់ ដោយ​យក​លុយ​មួយ​ចំណែក​តូច​មក​ចែក​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​មនោ​រម្យ​នេះ​តែ​ម្ដង​។

សហគមន៍​សែន​មនោ​រម្យ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រជា​សហគមន៍​ហោង​សំណំ តាំងពី​ឆ្នាំ 2004​មក​ម្ល៉េះ ដែល​ហ​គម​ន៍​នេះ​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម និង​ធ្វើការ​គ្រប់គ្រង​ដី​ព្រៃ​តាំងពី​កូន​ឈើ​​នៅ​តូច រហូត​ដល់​ឈើ​ធំ​ល្មម​អាច​ប្រើប្រាស់​បាន​។ លុះ​រហូត​មក​ដល់​ឆ្នាំ 2020​នេះ ស្រាប់តែ​មាន​ក្រុមហ៊ុន​ចំនួន​5 កាន់​លិខិត​មក​ប្រាប់​ថា ខាង​ក្រុមហ៊ុន​របស់​គេ​បាន​ប្រមូល​ទិញ​ដី​សហគមន៍ ដើម្បី​រុករក​រ៉ែ​។

បន្ទាប់​ពី​ដឹង​ថា ដី​សហគមន៍​ព្រៃឈើ​សែន​មនោ​រម្យ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​លក់ ទើប​ខាង​ប្រជា​ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល ដោយ​មានការ​លើក​ឡើង​ផង​ដែរ​ថា ភាគី​ក្រុមហ៊ុន​ទាំងអស់​នៅ​ពេល​ដែល​មក​ជួប​ជាមួយ​អាជ្ញាធរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​បាន​និយាយ​ថា បើ​ប្រជាពលរដ្ឋ​មិន​យក​លុយ​របស់​ក្រុមហ៊ុន ក៏​ក្រុមហ៊ុន​យក​ដី​ដែរ ជា​ពិសេស​បាន​យកឈ្មោះ​ប្រមុខ​ថ្នាក់ដឹកនាំ​មក​និយាយ​គំរាម​ប្រជាពលរដ្ឋ​ទៀត​ផង​។

មូលហេតុ​ដូច្នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​មួយ​ចំនួន​ព្រម​ទទួលយក​លុយ​ទាំង​បង្ខំ និង​សោកស្ដាយ​ព្រៃឈើ​ក្នុង​សហគមន៍​ជាទី​បំផុត​។ ចំពោះ​ការ​ចែក​លុយ គឺ​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ប្រាប់​ថា ខាង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចែក ដោយ​មាន​លោកនាយ​សង្កាត់​សង្កែ​សាទ​ប ឈ្មោះ ស៊ី ណា ជា​អ្នក​ចែក​ដោយ​ផ្ទាល់​តែ​ម្ដង​។

អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​នោះ គឺ​ត្រង់​ថា ចំនួន​ទឹក​លុយ​នៃ​ការ​លក់​គ្មាន​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ដឹង​នោះ​ទេ គឺ​ដឹង​ត្រឹមតែ​ក្នុង​មួយ​គ្រួ​សារបាន​ទទួល​លុយ​សរុប​3​ដង​គឺ 1200 ដុល្លារ​តែ​ប៉ុណ្ណោះ​។ ប្រជា​សហគមន៍​ហោង​សំណំ ដែល​ស្រឡាញ់​ព្រៃឈើ និង​ធ្លាប់​បាន​គ្រប់គ្រង រហូត​មក​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លក់​ដី​សហគមន៍​ព្រៃឈើ​នេះ ជា​ពិសេស​សូម​សំណូមពរ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សូម​ពិនិត្យ​មើល​ករណី​នេះ​ផង​។ តាម​ដំណឹង​ថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដូច​សម្ល​រកំ​ពិស​។

ព័ត៌មាន​បន្ថែម និង​ពិស្តារ មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ