រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ កក្កដា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមអនុវត្តវិធានការណ៍សំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនរបស់យើងក្រុមគ្រួសាររយើង ដើម្បីចៀសផុតពីការឆ្លងជំងឺឈីក និងជំងឺគ្រុនឈាម ឬជំងឺហ្ស៊ីកា បន្ទាប់ពីក្រសួងបានបញ្ជាក់ជាផ្លូវការនូវការផ្ទុះឡើងនៃជំងឺឈីក (CHIK) នៅខេត្តបន្ទាយមានជ័យ ទីកន្លែងដែលមានប្រជាពលរដ្ឋចំនួន៦ភូមិទាំងចាស់ទាំងក្មេងបានធ្លាក់ខ្លួនឈឺចាប់តាំងពីថ្ងៃទី ១៩ កក្កដា មក ។

យោងតាមសេចក្តីបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺគ្រុនឈីកនេះ បង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈ «មូសខ្លាញីខាំ» ជាពិសេស ខាំពេលថ្ងៃ ។ ភ្នាក់ងារចម្លង គឺសត្វមូសមួយប្រភេទក្រុម អាអេដេស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវវិធានការណ៍សំខាន់ៗមួយចំនួន ដើម្បីចៀសផុតពីការឆ្លងជំងឺឈីក ជំងឺគ្រុនឈាម ឬជំងឺហ្សីកាដោយ ៖
១- បំបាត់ជម្រកមួសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬអាងស្តុកទឹកជារៀងរាល់អាទិត្យ ។
២-ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណា គ្របដណ្តប់ភាគ
ច្រើននៃរាងកាយឲ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅ ឬងងឹត)

៣- ប្រើថ្នាំបាញ់ (Spray) ឬលាប (repellent) កុំឲ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ
៤- សំរាន្តក្នុងមុង រាល់ពេលសំរាន្តនៅពេលយប់ និងថ្ងៃ ព្រមទាំងបើកបង្អួច ទ្វារ ឲ្យធំ ដើម្បីឲ្យពន្លឺថ្ងៃ និងមានខ្យល់ចេញចូលបានល្អ ៕
ចែករំលែកព័តមាននេះ