រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២២ កក្កដា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM BOT ដែលបានរៀបចំឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអភិបាលរងទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ។

ដោយសារការរីករាលដាលនៃជំងឺ Covid-19 លើពិភពលោកនៅតែកើនឡើង ក៏ដូចជានៅតែមានការនាំចូលមកប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសដាក់អោយប្រើប្រាស់ប្រព័ទ្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM BOT សម្រាប់អាជីវកម្មទេសចរណ៍ចំនួន០៦ ប្រភេទដើម្បីអនុវត្ត រួមមាន: ភោជនីយដ្ឋាន អាហារដ្ឋាន, សេវាកម្មស្នាក់នៅទេសចរណ៍, រមនីយដ្ឋាន, សហគមន៍ទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនទេសចរណ៍ ទាំងផ្លូវគោក និងផ្លូវទឹក ក្នុងគោលបំណងធានាបាននូវសុខសុវត្តិភាពប្រជាពលរដ្ឋ ក្នុងការបង្ការការពារការរីករាលដាលមេរោគ Covid-19។

ប្រព័ន្ធនេះអាចក្តាប់បានទិន្នន័យភ្ញៀវទេសចរ ដែលអញ្ជេីញទៅទទួលសេវាកម្មផ្សេងៗ ពីអាជីវកម្មទេសចរណ៍ទូទាំងរាជធានី-ខេត្ត និងអាចចូលរួមក្នុងយន្តការថែរក្សាសុវត្តិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការQuarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍ ដេីម្បីបំពេញបន្ថែមលេីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងបានបញ្ជ្រាបការផ្សព្វផ្សាយអនុវត្តឱ្យដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលជាការឱ្យតម្លៃខ្ពស់ចំពោះអ្វីដែលជាសុខភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាសំខាន់ ស្របតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលលោកតែងតែបានរំលឹកដាស់តឿនថា កុំឱ្យយកជីវិតរបស់ប្រជាពលរដ្ឋទៅលេងសើចឱ្យសោះ៕


ចែករំលែកព័តមាននេះ