ដោយ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ កក្កដានេះ បានប្រកាសឲ្យដឹងអំពីការផ្ទុះឡើងនៃជំងឺ ឈីក នៅខេត្តបន្ទាយមានជ័យ និងបានណែនាំឲ្យប្រជាពលរដ្ឋបានដឹងអំពីវិធីការពារការចម្លងជំងឺនេះនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រោះថា ជំងឺគ្រុនឈីក ក៏មានហានិភ័យអាចបណ្តាលអ្នកជំងឺស្លាប់បាត់បង់ជីវិតបានផងដែរ បើសិនជាអ្នកជំងឺមានជំងឺផ្សេងទៀតរួមផ្សំ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ជាទូទៅ ជំងឺគ្រុនឈីក មិនបណ្តាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់ បានជាសះស្បើយឡើងវិញក្នុងរយៈពេលក្នុងមួយសប្តាហ៍ ឬអាចមានរយៈពេលយូរដល់រាប់អាទិត្យក្នុងករណីខ្លះៗដែរ ជាពិសេសជំងឺនេះ អាចធ្វើឲ្យអ្នកជំងឺមានអាការៈ ឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ក៏មានដែរ» ។ យ៉ាងណាមិញក្រសួងបានពន្យល់លម្អិតថា « ហើយជំងឺនេះ អាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបាន នៅក្នុងករណីដែលអ្នកជំងឺកើតមានជំងឺនេះរួមផ្សំគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ ជាដើម ព្រោះជំងឺរួមផ្សំទាំងនេះអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន» ។

ក្រសួងសុខាភិបាលទោះបីជាជំងឺគ្រុនឈីកមានហានិភ័យបណ្តាលឲ្យស្លាប់ក្នុងកម្រិតទាបក៏ពិតមែន តែវានាំឲ្យប៉ះពាល់សុខភាព ខាតបង់ពេលវេលារៀនសូត្រ ពេលវេលាធ្វើការរកស៊ីចិញ្ចឹមជីវិតជាដើម ជាពិសេសមនុស្សវ័យចាប់ពី ៥០ ឆ្នាំឡើង ពួកគាត់អាចឈឺសន្លាក់ឆ្អឹងយូរ ដែលប៉ះពាល់ដល់សុខភាពបុគ្គល សេដ្ឋកិច្ចគ្រួសារនិងសង្គម ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងអំពីវិធីការពារការចម្លងជំងឺឈីក យ៉ាងដូច្នេះថា «ការទប់ស្កាត់ និងការពារជំងឺឈីក (CHIK) គឺវាដូចគ្នាទៅនិងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឲ្យមូសខ្លាញីខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូសនេះ ។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ ចលនាប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជម្រកមូសខ្លា ដែលនាំឲ្យកកើតដង្កូវទឹក និងមានមូសបង្ករជំងឺ ស្លៀកពាក់ខោអាវវែង និងសំរាន្តក្នុងមុង» ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើបងប្អូនមានរោគសញ្ញាដូចជា ៖ គ្រុនក្តៅស្រួចស្រាវលើសពី ៣៨ អង្សារសេ, ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អូតចង្អោរ អស់កម្លាំង, មានស្នាមកន្តួលក្រហមលើខ្លួន និងកន្តួលក្រហមលើស្បែកដៃ ត្រូវរួសរាន់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកបំផុត ដើម្បីពិនិត្យពិគ្រោះជំងឺនិងទទួលបានការព្យាបាលបានទាន់ពេលវេលា និងរាល់ករណីសង្ស័យគ្រុនឈីក ក្នុងមួយសប្តាហ៍ដំបូងនៃជំងឺនេះ ត្រូវសម្រាកនៅក្នុងមុង ឬក្នុងបន្ទប់មានសំណាញ់ការពារ ដើម្បីការពារកុំឲ្យមូសខាំចម្លងបន្តទៅសមាជិកគ្រួសារ ឬអ្នកជិតខាង ៕
ចែករំលែកព័តមាននេះ