រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០ នេះបានប្រកាសឲ្យដឹងថា មានការផ្ទុះឡើងជំងឺឈីកគង់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅភូមិចំនួន ៦ នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានអ្នកភូមិទាំងក្មេងទាំងចាស់បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ ។

យោងតាមសេចក្តីបញ្ជាក់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺគ្រុនឈីកនេះបង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈ «មូសខ្លាញីខាំ» ជាពិសេសខាំពេលថ្ងៃ ។ ភ្នាក់ងារចម្លង គឺសត្វមូសមួយប្រភេទក្រុម អាអេដេស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរ ។
រោគសញ្ញានៃជំងឺគ្រុនឈីក គឺរួមមាន ៖ គ្រុនក្តៅស្រួចស្រាវលើសពី ៣៨ អង្សារសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អូតចង្អោរ អស់កម្លាំង មានស្នាមកន្តួលក្រហមលើខ្លួន និងកន្តួលក្រហមលើស្បែកដៃ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ជាទូទៅជំងឺគ្រុនឈីក មិនបណ្តាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់បានជាសះស្បើយឡើងវិញ ក្នុងរយៈពេលក្នុងមួយសប្តាហ៍ ឬអាចមានរយៈពេលយូរដល់រាប់អាទិត្យក្នុងករណីខ្លះៗដែរ ជាពិសេសជំងឺនេះ អាចធ្វើឲ្យអ្នកជំងឺមានអាការៈ ឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ក៏មានដែរ» ។
យ៉ាងណាមិញ ក្រសួងបានពន្យល់លម្អិតថា « ហើយជំងឺនេះអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបាន នៅក្នុងករណីដែលអ្នកជំងឺកើតមានជំងឺនេះរួមផ្សំគ្នាជាមួយជំងឺផ្សេងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ ជាដើមព្រោះជំងឺរួមផ្សំទាំងនេះអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន» ៕
ចែករំលែកព័តមាននេះ