រាជធានីភ្នំពេញ ៖ ខណៈដែលម្ចាស់អាជីវកម្មផ្សេងៗរួមទាំងអាជ្ញាធរពាក់ព័ន្ធបាននឹងកំពុងត្រៀមខ្លួនដើម្បីទទួលស្វាគមន៍ទេសចរសម្រាប់ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានផ្សេងៗ ជាឱកាសការឈប់សម្រាករយៈពេលវែងដល់ទៅ ៩ ថ្ងៃសម្រាប់ជំនួសឲ្យការខកខាកមិនបានឈប់សម្រាក ពេលចូលឆ្នាំខ្មែរកន្លងមកដោយសារតែកូវីដ ១៩នោះ លក្ខខណ្ឌតម្រូវសំខាន់មួយក្នុងលក្ខខណ្ឌតម្រូវជាច្រើននោះ គឺការស្រង់បញ្ជីភ្ញៀវតាមប្រព័ន្ធតេឡេក្រាម ។

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍លោក ថោង ខុន បានរំលឹកថា នាឱកាសឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខខាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ត្រូវបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជាផងដែរ ។


លោក ថោង ខុន បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់ការរៀបចំផែនការអនុវត្តបន្តឱ្យមានប្រសិទ្ធភាពមានដូចជា៖

ទី១៖ ណែនាំដល់នាយកដ្ឋានជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជម្រុញការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍

ទី២៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីធានាបានសុខសុវត្ថិភាព និងការទទួលខុសត្រូវ និងដើម្បីត្រៀមទទួលការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃឈប់ សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ

ទី៣៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅរមណីយដ្ឋានទេសចរណ៍ទាំងអស់ចំពោះការអនុវត្តវិធានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះបញ្ហាសណ្តាប់ធ្នាប់ដូចដែលធ្លាប់បានអនុវត្តកន្លងមក និងបន្តពង្រឹងគុណភាពភាពសេវាកម្មទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ទី៤៖ ពង្រឹងការអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលជាការ ចូលរួមក្នុងយន្តការថែរក្សាសុវត្ថិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការ Quarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍។ គួ

របញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាការបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអភិបាលរងទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ៕
ចែករំលែកព័តមាននេះ