ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​អបអរសាទរ ​និងកោត​សរ​សើរ ជូ​រី ល្អ​ហួស ក្រោយ​ឈ្នះ​វគ្គ People’s Choice Award

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​បាន​ចូលរួម​អបអរសាទរ​ និង​លើក​សរសើរ​ទៅ​កាន់​យុវតី ជូ​រី ល្អ​ហួស ដែល​បាន​ឈ្នះ​នៅ​ក្នុង​វគ្គ​អ្នក​ពេញចិត្ត​បោះ​ឆ្នោត ( People’s Choice Award) នៃ​ការ​ប្រកួត​បវរកញ្ញា​កម្មវិធី Miss Teen Icon International 2026 ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​​។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា ​អបអរសាទរ​និង​កោតសរសើរ​ចៅស្រី​ល្អ​ហួស ​ដែល​បាន​ខិតខំ​រហូត​សម្រេចបាន​អ្នក​ពេញចិត្ត​បោះ​ឆ្នោត​ឲ្យ​ជាង​៤៥​លាន​នាក់​ ដោយ​ឈរ​លេខ​១ ក្នុង​ចំណោម​៥​នាក់​មក​ពី​៥​ប្រទេស​។

ជូនពរ​ចៅស្រី​បន្ត​នាំមុខ​រហូត​ដល់​ចប់ការ​ប្រកួត​។

សម្តេច​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ជាង​១៨​លាន​នាក់​ គាំទ្រ​ដល់​ការ​ខិតខំ​របស់​ចៅ​។

ក្រោយ​ឃើញ​សម្តេច​តេ​ជោ​ បង្ហោះ​សំ​ណេ​រ​អបអរ​ខាងលើ​នេះ យុវតី ជូ​រី ល្អ​ហួស បាន​សម្តែងនូវ​​ក្តី​រំភើប​យ៉ាង​ខ្លាំង តាម​រយៈការ​បង្ហោះ​សំ​ណេ​ររបស់នាងនៅ​លើ​បណ្តាញ​សង្គម​ថា ចៅ​រំភើប​ឡើង​ស្រក់​ទឹកភ្នែក Samdech Hun Sen of Cambodia ។

ចៅស្រី​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះសម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ការ​កោតសរសើរ និង​ការ​លើកទឹកចិត្ត​ដ៏​មាន​តម្លៃ​ចំពោះ​នាង​ខ្ញុំ​ជូ​រី ល្អ​ហួស​។

ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច មិន​ត្រឹមតែ​ជា​កម្លាំងចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កិត្តិយស​ដ៏​ធំធេង និង​ជា​កម្លាំង​ជំរុញ​ឱ្យ​នាង​ខ្ញុំ​កាន់តែ​មាន​ឆន្ទៈ​ក្នុង​ការ​លើក​ស្ទួយ​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ​។

នាង​ខ្ញុំ​សូម​គោរព​ជូនពរ​សម្តេច មាន​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ និង​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន​ជា​និច្ច​។

ចៅ​សូម​សន្យា​ថា​នឹង​យក​ភាព​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ​របស់​យើង​វិញ​ឲ្យ​ទាល់តែ​បាន​។

ជា​ការ​កត់សម្គាល់​ទន្ទឹម​គ្នា​នេះ​ មហាជន​កម្ពុជា​ច្រើន​ក៏​បាន​ចូលរួម​អបអរសាទរ​ទៅ​កាន់ ជូ​រី ល្អ​ហួស ផង​ដែរ ខ​ណៈពេល​គេ​រំពឹង​ថា យុវតី​តំណាង​កម្ពុជា​រូប​នេះ​នឹង​ឈាន​ទៅ​គ្រង​ម្កុដ​នៅ​ក្នុង​កម្មវិធី​មួយ​នេះ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ក្រៅពី​សម្តេច​តេ​ជោ​ដែល​បាន​លើក​ស​សើរ​ពី​ការ​ខិ​​ត​ខំ​របស់ ជូ​រី ល្អ​ហួស នៅ​ក្នុង​ការ​ប្រកួត​ ​ជា​ពិសេស​ការ​បង្ហាញ​ឈុត​តំណាង​ជាតិ នៅ​មាន​មហាជន និង​អ្នកសិល្បៈ​ជា​ច្រើន​ក៏​បាន​លើក​ស​សើរ និង​សម្តែង​ការ​ស្ងប់​ស្ងែ​ង​ទៅ​កាន់​យុវតី​រូប​នេះ​ផង​ដែរ ។

ជាមួយនឹង​ការ​លើក​ស​សើរ​នេះ មហាជន អ្នកសិល្បៈ ជា​ពិសេស​បណ្តា​ម្ចាស់​ប្រ៊េ​ន​ល្បី​ៗ​ក៏​បាន​ពួតដៃគ្នា​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​បោះ​ឆ្នោត​គាំទ្រ​ទៅ​កាន់ ល្អ ហួស ផង​ដែរ រហូត​ធ្វើ​អោយ​នាង​ទទួល​បាន​ជ័យ​ជំ​ន​: នៅ​ក្នុង​វគ្គ​នេះ ។

គួរ​បញ្ជាក់​ថា ក្នុង​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជូ​រី ល្អ ហួស បាន​បញ្ចេញ​ឈុត នារី​កសិករ​នៃ​ដែន​ដី​មាស និងអប្សរា​មហានគរ ក្នុង​ពេល​តែ​មួយ ដែល​នោះ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ទៅ​លើ​យុវតី​កម្ពុជា​រូប​នេះ ។

មហាជន​ជា​ច្រើន​បាន​កោត​ស​សើរ​ទៅ​ដល់ ល្អ ហួស ដោយសារ​តែ​ក្នុង​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​នោះ​នាង​បាន​ប្រើ​ឈុត​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ ហើយ​រូប​នាង​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ធ្វើ​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង ។

ទោះបីជា​យ៉ាងណា​ មហាជន​កម្ពុជារំពឹង​ថា តាម​រយៈការ​បង្ហាញខ្លួន​បាន​យ៉ាង​ល្អ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ប្រកបដោយ​ភាព​លេចធ្លោ និង​ទាក់ទាញ​របស់ ជូ​រី ល្អ​ហួស នោះ​នាង​នឹង​អាច​គ្រង​ម្កុដ​នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​មួយ​នេះ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ ៕