អស្ចារ្យណាស់ ! ជូរី ល្អហួស បង្ហាញឈុតតំណាងជាតិ២ ក្នុងពេលតែមួយ យ៉ាងស្ញប់ស្ងែង លើឆាកអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកសិល្បៈជាច្រើនបានសម្តែងការកោតសសើរ និងមានមោទនភាពយ៉ាងខ្លាំងទៅកាន់បេក្ខភាពតំណាងកម្ពុជា ជូរី ល្អ ហួស ដែលបានបង្ហាញឈុតតំណាងជាតិដ៏ល្អឯក នៅក្នុងកម្មវិធី Miss Teen Icon International ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ក្នុងវគ្គបង្ហាញឈុតតំណាងជាតិដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ជូរី ល្អ ហួស បានបញ្ចេញឈុត នារីកសិករនៃដីមាស និងអប្សរាមហានគរ ក្នុងពេលតែមួយ ដែលនោះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងយ៉ាងខ្លាំងទៅលើយុវត្តីកម្ពុជារូបនេះ ។
មហាជនជាច្រើនបានកោតសរសើរ ល្អ ហួស ដោយសារតែក្នុងវគ្គបង្ហាញឈុតតំណាងជាតិនោះនាងបានប្រើឈុតពីរផ្សេងគ្នាក្នុងពេលតែមួយ ហើយនាងរូបនាងអាចធ្វើទៅបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយថែមទាំងធ្វើបានយ៉ាងល្អថែមទៀតផង ។
ក្រោយការបង្ហាញឈុតតំណាងជាតិដ៏អស្ចារ្យពីសំណាក់ ល្អ ហួស នោះមហាជន ជាពិសេសបណ្តាអ្នកសិល្បះជាច្រើនបាននាំគ្នាចែកចាយរូបភាពទាំងអស់នោះយ៉ាងផុសផលនៅលើបណ្តាញសង្គម ជាមួយនឹងការភ្ញាប់សំណេរសម្តែងការកោតសសើរនូវការខិតខំប្រឹងប្រែងធ្វើបានយ៉ាងល្អពីសំណាក់យុវត្តីរូបនេះ ។
អ្នកទស្សនាបានលើកឡើងថា លក្ខណៈពិសេសនៃឈុតតំណាងជាតិរបស់ ល្អហួស យកទៅបង្ហាញលើវេទិកា Miss teen icon inter គឺភាពរហ័សរហួននៃផ្លាស់ការស្លៀកពាក់ឈុតពីកសិករមកជាតួអង្គអប្សរា ទាមទារបច្ចេកទេសខ្ពស់មែនទែន ។
អ្នកខ្លះទៀតបានលើកឡើងដែរថា ល្អហួស អូនលើសពីឈ្មោះទៅទៀត! តើអូនអាចប្អូរពីឈុតនារីកសិករខ្មែរ ទៅឈុតអប្សរា មួយប៉ព្រិចភ្នែកដោយរបៀបណា? បងធ្លាប់គ្រងឈុតនេះគឺត្រូវចំណាយពេលយូរណាស់។
ទោះបីមានក្រុមការងារនៅខាងក្នុងផ្ទះនោះជួយស្លៀកភ្លាមៗ ក៏នៅតែលឿនខ្លាំងណាស់។ រាងកាយតូចល្អិត តែបេះដូងធំ តស៊ូដើម្បីមុខមាត់កិត្តិយសជាតិ។ រកពាក្យសរសើរលែងចេញហើយ! ។
ដោយឡែកពាក់ព័ន្ធនឹងឈុតតំណាងជាតិនេះ ល្អ ហួស ធ្លាប់បានលើកឡើងពីអត្ថន័យ ឈុតតំណាងជាតិ «នារីកសិករ បេះដូងនៃទឹកដីមាស» និងថា នារីកសិករ ជានិមិត្តរូបនៃភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងសេចក្ដីថ្លៃថ្នូរ។ កួរស្រូវក្នុងដៃ តំណាងឱ្យញើសឈាមនៃការតស៊ូ ភាពសម្បូររុងរឿង និងជីវិតដែលផ្សារភ្ជាប់ជាមួយទឹកដីកម្ពុជា។
នាងបន្តថា «នារីកសិករ បេះដូងនៃទឹកដីមាស » ដួងព្រលឹងនៃកសិករខ្មែរ នៅពីក្រោយគ្រាប់បាយមួយគ្រាប់ ដែលយើងបរិភោគរាល់ថ្ងៃ មានញើសរាប់ពាន់តំណក់ មានកម្លាំងរាប់មិនអស់ និងមានការលះបង់របស់នារីកសិករខ្មែរ ដែលមិនធ្លាប់ទាមទារការតបស្នង។
នាងមិនមែនគ្រាន់តែជានារីកាន់កណ្ដៀវ ច្រូតស្រូវនៅកណ្ដាលវាលស្រែប៉ុណ្ណោះទេ ប៉ុន្តែនាងគឺជានិមិត្តរូបនៃភាពអត់ធ្មត់ ជាឆ្អឹងខ្នងនៃគ្រួសារ និងជាកម្លាំងដ៏ស្ងៀមស្ងាត់ ដែលចិញ្ចឹមដង្ហើមប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។
ក្រោមកម្ដៅថ្ងៃដ៏ក្ដៅហែង នាងយកញើសស្រោចដី យកកម្លាំងបណ្ដុះគ្រាប់ស្រូវ និងយកក្ដីសង្ឃឹមដាំដុះអនាគតកូនចៅជំនាន់ក្រោយ ។ ដៃរបស់នាងអាចគ្រើមដោយការងារ ប៉ុន្តែបេះដូងរបស់នាងពោរពេញដោយក្ដីស្រឡាញ់។ សម្លៀកបំពាក់របស់នាងអាចសាមញ្ញ ប៉ុន្តែតម្លៃនៃការលះបង់របស់នាង មិនអាចយកមាសប្រាក់ណាមកវាស់បានឡើយ។
សូមកុំមើលងាយស្ត្រីដែលឈរនៅកណ្ដាលវាលស្រែ ព្រោះនៅពីក្រោយស្នាមញញឹមដ៏សាមញ្ញនោះ គឺជាវីរនារីដែលកំពុងទ្រទ្រង់ជីវិតមនុស្សរាប់លាននាក់។«បើគ្មានអ្នកដាំស្រូវ តើយើងមានបាយមកពីណា? បើគ្មានញើសកសិករ តើប្រជាជាតិអាចរស់នៅដោយរបៀបណា?» ។
នាងបញ្ជាក់ថា នារីកសិករខ្មែរ មិនត្រឹមតែជាអ្នកដាំស្រូវទេ ប៉ុន្តែនាងជាអ្នកដាំជីវិត ដាំក្ដីសង្ឃឹម និងដាំអនាគតឱ្យមាតុភូមិកម្ពុជា ៕








ចែករំលែកព័តមាននេះ