ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហានដ៏ធំមួយទៀត! វណ្ណដា បន្តផ្សារភ្ជាប់វប្បធម៌ និងតន្ត្រីខ្មែរទៅកាន់ពិភពលោក តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​រ៉េ​ប លោក វណ្ណ​ដា និងផលិតកម្មបារមី បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ និង​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ជា​លក្ខណៈ​ឯកជន​ជាមួយ​ឯកឧត្តម Emmanuel Macron ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក​ជំទាវ​ទី​មួយ Brigitte Macron និង​លោកស្រី Catherine Pégard កាលពី​រាត្រី​ថ្ងៃ​ទី​14 ខែវិច្ឆិកា ឆ្នាំ​2026​។

ក្នុង​ឨ​កាស​នោះ​ដែរ តារាចម្រៀងរ៉េប ​លោក វណ្ណ​ដា បាន​ធ្វើកិច្ច​សន្ទនា​ផ្លាស់​ប្តូរ​ទស្សនៈ​ដ៏​ប្រពៃ​ថ្លៃថ្លា ស្តី​ពី​ការ​រីក​លូតលាស់​ប្រកបដោយ​សក្តានុពល​នៃ​វិស័យ​តន្ត្រី សិល្បៈ និង​វប្បធម៌​នៅ​កម្ពុជា​។

បើ​យោង​តាម​ការ​បង្ហោះ​ពី​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​បារមី បានអោយ​ដឹង​ថា សម្រាប់​ក្រុមការងារ​ទាំងអស់​នៅ​ផលិតកម្ម បារមី ជំនួប​ដ៏​មាន​តម្លៃ​នា​រាត្រី​កន្លង​ទៅ បាន​រំលឹក​ពួក​យើង​ថា តន្ត្រី​ពិតជា​គ្មាន​ព្រំដែន​ឡើយ​។

រាប់​ចាប់ពី​ជំហាន​ដំបូង​នៅ​កម្ពុជា ឈាន​ទៅ​ដល់​ឆាក​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស រហូត​ដល់​ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី គឺ​សុទ្ធសឹងតែ​បាន​បង្ហាញ​ថា រឿងរ៉ាវ សំឡេង និង​វប្បធម៌​របស់​យើង នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភព​លោក​ដ៏​ទូលំទូលាយ ដោយ​ផ្សារ​ភ្ជាប់​ដួងចិត្ត​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា និង​គ្រប់​ជំនាន់​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នា​។

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ប្រធានាធិបតី Emmanuel Macron និង​គណៈប្រតិភូ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ព្រមទាំង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (Institut français du Cambodge) សម្រាប់​ការ​អញ្ជើញ និង​ការ​ផ្តល់​ឱកាស​ឱ្យ​យើងខ្ញុំ​បាន​ចូលរួម​ចែករំលែក​ក្នុង​រាត្រី​ដ៏​មាន​តម្លៃ និង​មិន​អាច​បំភ្លេច​បាន​នេះ​។

សូម​ជូនពរ​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក​ជំទាវ​ទី​មួយ Brigitte Macron លោកស្រី Catherine Pégard និង​គណៈប្រតិភូ​បារាំង​ទាំងអស់ មាន​ភាព​រលូន និង​ពោរពេញ​ដោយ​អនុស្សាវរីយ៍​ល្អ​ៗ​នៅ​កម្ពុជា​!​។

គួរ​បញ្ជាក់​ថា លោក Macron បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ចូលរួម​កិច្ចប្រជុំ Francophonie គិត​ចាប់ពី​ថ្ងៃ​ទី​14​ដល់​16 ខែវិច្ឆិកា​. ឆ្នាំ​2026៕