ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះកាយ ច័ន្ទ បារម្ភពីការធ្លាក់ចុះសីលធម៌សង្គម និងជំរុញឱ្យរួមគ្នាអប់រំគុណធម៌

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង ព្រះ​កាយ ច័ន្ទ បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ក្នុង​សង្គមនា​ពេល​បច្ចុប្បន្ន ខ​ណៈពេល​ដែល​នាង​បាន​ស្នើ​ឲ្យ​ទាំងអស់​គ្នា​គួ​រ​មានការ​ចាប់អារម្មណ៍ និង​ចូលរួម​កែ​លម្អ នៅ​មុន​ពេល​ដែល​វា​ក្លាយទៅជា​បញ្ហា​កាន់តែ​ធំ​នៅ​ក្នុង​សង្គម​របស់​យើង ។

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា តម្លៃ​នៃ​សុជីវធម៌ ការ​គោរព​គ្នា ការ​យោគយល់ និង​ការ​ទទួលខុសត្រូវ ហាក់ដូចជា​កំពុង​បាត់បង់​បន្តិច​ម្ដង​ៗ ដែល​ទាមទា​ឲ្យ​យើង​ទាំងអស់​គ្នា​យកចិត្តទុកដាក់ និង​ចូលរួម​កែ​លម្អ​ឲ្យ​បាន​ច្រើន​ជាង​មុន ។

ព្រះ​កាយ ច័ន្ទ បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ក្នុង​សង្គមមនុស្ស​បច្ចុប្បន្ន តម្លៃ​នៃ​សុជីវធម៌ ការ​គោរព​គ្នា ការ​យោគយល់ និង​ការ​ទទួលខុសត្រូវ ហាក់ដូចជា​កំពុង​បាត់បង់​បន្តិច​ម្ដង​ៗ នេះ​ជា​រឿង​ដែល​យើង​គ្រប់​គ្នា​គួរតែ​ចាប់អារម្មណ៍ និង​ចូលរួម​កែ​លម្អ មុន​ពេល​វា​ក្លាយជា​បញ្ហា​កាន់តែ​ធំ​ក្នុង​សង្គម ។

សង្ឃឹមថា​បងប្អូន​យើង​នឹង​ចាប់ផ្ដើម​យកចិត្តទុកដាក់​លើ​ការ​អប់រំ​សីលធម៌ និង​គុណធម៌ ឱ្យ​បាន​ច្រើន​ជាង​មុន ព្រោះ​សង្គម​មួយ​ដែល​ល្អ មិនមែន​កើត​ចេញពី​មនុស្ស​ដែល​មានចំណេះ​ដឹង​តែ​មួយ​មុខ​នោះ​ទេ តែ​ត្រូវការ​មនុស្ស​ដែល​មាន​សីលធម៌ មនសិការ និង​ចេះ​គោរព​តម្លៃ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

ជា​ការ​កត់សម្គាល កន្លង​មក​តារា​សម្តែង ព្រះ​កាយ ច័ន្ទ ក្នុង​នាម​ជា​គ្រូបង្រៀន​របាំ​បុរាណ ធ្លាប់​បាន​លើក​ឡើង និង​សង្កត់ធ្ងន់​ជា​ញឹកញាប់​អំពី​តម្លៃ​នៃ​សីលធម៌​សង្គម និង​ការ​អភិរក្ស​វប្បធម៌​ខ្មែរ ជា​ពិសេស​គឺ​ការ​ជ្រើសរើស​អ្នកសិល្បៈ​ដែល​ចេញពី​សាលា​ត្រឹមត្រូវ ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ប្រជាប្រិយភាព​តាម​បណ្តាញ​សង្គម​ដែល​កើត​ចេញពី​ការ​បង្កើត​រឿងអាស្រូវ ជេរ​ប្រមាថ ឬ​វី​ដេ​អូ​បំពុលសង្គម ។

តារាសម្តែងរូបនេះ​​បញ្ជាក់​ថា ចំពោះ​នាង សម្រាប់​ព្រះ​កាយ​ច័ន្ទ ក្លឹ​ប នាង​មិន​ត្រឹមតែ​បង្រៀន​ជំនាញ​សិល្បៈ និង​ក្បាច់​របាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្សារ​ភ្ជាប់​ការ​អប់រំ​សីលធម៌ គុណធម៌ និង​ការ​ចេះ​គោរព​ប្រពៃណី​ដល់​សិស្សានុសិស្ស​ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ​ កន្លង​មក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ធ្លាប់​បាន​ចេញ​ការ​ណែនាំ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ក៏​ដូច​ជា​ទប់ស្កាត់​ចំពោះ​ការ​ផលិត​វី​ដេ​អូ​បែប​កម្សាន្ត​គ្រប់​ទម្រង់​ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ជាតិ ព្រមទាំង​តម្លៃ​ស្ត្រី​ខ្មែរ និង​កុមារ ។

ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​អ្នក​ផលិត​វី​ដេ​អូ អ្នក​បង្កើត​មាតិកា​កម្សាន្ត និង​អ្នក​សម្តែង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន បាន​ផលិត​វី​ដេ​អូ​ខ្លី​ៗ​ដែល​មាន​រូបភាព និង​ខ្លឹមសារ​ប្រាសចាក​ពី​ក្រមសីលធម៌ ដែល​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ ពិសេស​តម្លៃ​ស្ត្រី​ខ្មែរ និង​កុមារ​។

ក្រសួង​ក៏​បាន​ព្រមាន​ដែរ​ថា បើ​បុគ្គល​ឬ​ក្រុម​ណាមួយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ទាំង​អស់នេះ ក្រសួង​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ម៉ឺងម៉ាត់ ស្រប​តាម​បទបញ្ញត្តិ​ច្បាប់​ដែល​មាន​ជា​ធរមាន​៕