ខេត្តកំពង់ឆ្នាំង ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែមកទស្សនាកន្លែងរបស់ខ្លួនកាន់តែច្រើនឡើងបន្ថែមទៀត ម្ចាស់កសិដ្ឋានមួយដែលមានទីតាំងក្នុងភូមិក្រាំងស្គាត្បូង (សូមអានក្រាំងស្គៀ) ឃុំក្រាំងស្គា ស្រុកទឹកផុស បានពង្រីកការដាំផ្កាចម្រុះពណ៌ ក្នុងសួនរបស់ខ្លួនបន្ថែមទៀត ធ្វើឱ្យមានសម្រស់ ស្រស់បំព្រង រួមផ្សំបន្ថែមដោយការធ្វើខ្យុស អង្គុយលេងបន្ថែមឱ្យកាន់តែច្រើនផងដែរ ដែលធ្វើឱ្យកំណើនភ្ញៀវទេសចរកាន់តែច្រើនឡើងព្រោះល្បីតៗគ្នាពីសម្រស់ធម្មជាតិ ដែលកែច្នៃបន្ថែមដោយម្ចាស់កសិដ្ឋាននេះ ។

កញ្ញា គន្ឋា រង្សី ជាកម្មការិនី មកពីស្រុកកំពង់ត្រឡាចបានបញ្ជាក់ថា គាត់មកទីនេះ ជាលើកទី១ហើយ ដោយបានឃើញតាមបណ្តាញសង្គម ស្តីអំពីសម្រស់សួនផ្កានៅទីនេះ ហើយឈ្លាតពីទំនេរ ថ្ងៃសម្រាក ក្រុមគ្រួសារនេះ ក៏ឆ្លៀតមកលេងតាមគេតាមឯងដែរ ។ ពេលមកដល់ឃើញដូចអ្វីដែលគេបាននិយាយមែន ពិតជាមានសួនផ្កាស្រស់ស្អាត មានសម្រស់ធម្មជាតិ មានព្រៃឬស្សី មានភ្នំ និងមានខ្យល់បរិសុទ្ឋ ដែលមើលទៅគួរទាក់ទាញភ្ញៀវទេសចរណ៍ពិតមែន ក្រៅពីនោះ មានខ្យុសសម្រាប់ភ្ញៀវមកទស្សនាបានអង្គុយលេងកំសាន្ត ផងដែរ ។ គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយ ពិតមែន ។ ជាចុងក្រោយគាត់សំណូមពរឱ្យបងប្អូនបើមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទស្សនាលេងកំសាន្ត ព្រោះនៅផ្លូវជាមួយគ្នានេះ ក៍មានកន្លែងលេងកំសាន្តមួយទៀត គឺទឹកធ្លាក់ស្រែអំពិល ផងដែរ ។

បើតាមការបញ្ជាក់របស់ លោក មួង សាលៀប ដែលជាមេការរបស់កសិដ្ឋាន គ្រីនហ្វាម ខាងលើនេះបានឱ្យដឹងថា៖ កសិដ្ឋានរបស់លោក មិនត្រឹមតែដាំផ្កាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណឹងទេ បច្ចុប្បន្ន កសិដ្ឋានរបស់លោក កំពុងពង្រីកបន្ថែមនូវខ្យុសឬស្សី ឱ្យបានពី២០០ ទៅ៥០០ខ្យុស ធ្វើរោងលំហែកាយ ធ្វើកន្លែងបោះតង់ សម្រាប់បងប្អូនដែលមកសម្រាកលេងកំសាន្តនៅយយប់ថ្ងៃសៅរ៍ អាទិត្យ ព្រមទាំងកំពុងដំណើរការរៀបចំ កន្លែងចិញ្ជឹមបង្កង ចិញ្ជឹមត្រី មាន់ ទា និងដាំបន្លែធម្មជាតិ សម្រាប់បំរើសេវាអតិថិជនមិនឱ្យខ្វះឡើយ ហើយធានាសុវត្ថិភាពចំណីអាហារទៀតផង។

សូមបញ្ជាក់ថា៖ កសិដ្ឋានគ្រីនហ្វាម មានទីតាំងស្ថិតនៅចម្ងាយជាង ៥០គីឡូម៉ែត្រពីខាងលិចទីរួមខេត្តកំពង់ឆ្នាំង ជាប់តាមបណ្តោយផ្លូវរថភ្លើងតភ្ជាប់ខេត្តកំពង់ឆ្នាំងនិងពោធិ៍សាត់៕
ចែករំលែកព័តមាននេះ