រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីរកស៊ីផ្លូវភេទម្នាក់បានមកស្រែកឡាំប៉ានៅមុខផ្ទះសំណាក់ ដោយកើតទុក្ខមិនសុខចិត្តនឹងបុរសម្នាក់ដែលនាំនាងទៅរួមមេត្រី២ដងរួចមិនឲ្យលុយ ថែមទាំងប្លន់យកគ្រឿងអលង្ការទៀត ក៏បានទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះសំណាក់យីហោ «អប្សរាមង្គល 2» ស្ថិតក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពពីស្ត្រីខាងលើបានឲ្យដឹងថា រូបគាត់ជាអ្នករកស៊ីផ្លូវភេទរយៈពេលជិតមួយខែកន្លងមកហើយ តែគាត់មិនចាំថ្ងៃច្បាស់នោះទេ គឺមានបុរសម្នាក់បានមកបបួលនាងយកទៅរួមមេត្រីក្នុងតម្លៃ30ដុល្លារ។ ពេលនោះដែរ រូបនាងក៏យល់ព្រមទៅជាមួយបុរសរូបនោះដោយជិះម៉ូតូទៅដល់ព្រៃស្ងាត់មួយក្នុងសង្កាត់ព្រៃ.ស ស្រាប់តែបុរសម្នាក់នោះបានបង្ខំចាប់នាងនៅក្រោមដើមត្នោតមួយកន្លែងរហូតបានសម្រេចដល់ទៅ២ដង ។

ស្ត្រីខាងលើបន្តទៀតថា នៅពេលដែលសម្រេចរួចហើយ បុរសរូបនោះបានប្រើហិង្សាដាក់នាង រួចហើយក៏ទាញយកគ្រឿងអលង្ការពីនាង ទោះបីជានាងប្រាប់ថា ជាគ្រឿងកាឡៃ ក៏បុរសរូបនោះនៅតែឆក់យកទៅបាត់តែម្ដង ដោយមិនបានឱ្យលុយថ្លៃសេវាថែមទៀត ។

ប្រភពដដែលបានបន្តទៀតថា លុះមកដល់យប់ថ្ងៃកើតហេតុនេះ រូបនាងត្រូវបានបុរសរូបនេះតថ្លៃហៅមកដេកនៅក្នុងផ្ទះសំណាក់ខាងលើ ខណៈពេលដែលតថ្លៃគ្នានោះនៅកន្លែងងងឹតមើលមុខគ្នាមិនច្បាស់នោះទេ ។ លុះដល់ផ្ទះសំណាក់ ក៏ស្រាប់តែរូបនាងបានចំណាំមុខបុរសរូបនោះថា ធ្លាប់បានចាប់បង្ខំនាងនៅក្រោមដើមត្នោតរហូតសម្រេចពីរដង និង វាយធ្វើបាប ព្រមយករបស់ទ្រព្យសម្បត្តិបន្ថែមទៀត ទើបរូបនាងស្រែកឡាំប៉ា ដើម្បីរកសមត្ថកិច្ចឲ្យជួយតែម្ដងទៅ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុខាងលើ រួចហើយក៏បានសាកសួរពីដំណើររឿងដឹងថា ករណីនេះគឺមិនមែនកើតហេតុនៅក្នុងសង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យនោះទេ គឺកើតហេតុនៅទឹកដីខណ្ឌដង្កោ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងសមត្ថកិច្ចខណ្ឌដង្កោ ឱ្យមកកន្លែងកើតហេតុ ដើម្បីនាំយកនារីរងគ្រោះទៅសាកសួរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសួរនាំទៅស្ត្រីខាងលើថា បានដាក់ពាក្យបណ្ដឹងដែរឬអត់? តែពេលនោះដែរស្ត្រីរងគ្រោះខាងលើគាត់ថា អត់បានដាក់ពាក្យបណ្ដឹងទេ។ ដូច្នេះហើយសមត្ថកិច្ចក៏បានប្រាប់ថា ទាល់តែឲ្យនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅទឹកដីដែលកើតហេតុ ទើបសមត្ថកិច្ចមានវិធានការចុះអនុវត្តឱ្យ ។

ក្រោយពេលកើតហេតុ បន្ទាប់ពីនិយាយរួច កម្លាំងសមត្ថកិច្ចក៏បានដកខ្លួនទៅអស់ នៅសល់តែស្ត្រីរងគ្រោះគាត់មិនដឹងមានវិធានការណ៍បែបណា គឺបានត្រឹមតែដើរចេញពីកន្លែងកើតហេតុតែប៉ុណ្ណោះ។ ចំណែកបុរសដែលជាប់ចោទពីបទបំពានសេពសន្ថវៈមិនឲ្យលុយ ហើយប្លន់យកគ្រឿងអលង្ការនោះ មិនបានចេញពីក្នុងបន្ទប់ផ្ទះសំណាក់នោះទេ គឺសម្ងំនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើតែម្តង៕
ចែករំលែកព័តមាននេះ