ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋជាង៨០គ្រួសារនៅស្រុកសៀមប៉ាង កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាចំពោះអគ្គិសនីឯកជន ដោយពួកគាត់ចោទថា បានលួចប្រើប្រាស់កុងទ័រខុសស្តង់ដារ ធ្វើឱ្យកុងទ័រភ្លើងវិលលឿនខុសពីប្រក្រតី និងស្នើឱ្យអាជ្ញាធរបញ្ឈប់អាជីវកម្មនេះ។

ប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នាទៅកាន់សាលាស្រុក ក្នុងគោលបំណងឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហា២ចំណុច ៖ ទី១-រឿងគីឡូភ្លើងវិលលឿនខុសពីធម្មតា និងទី២-ស្នើសុំឱ្យបញ្ឈប់អាជីវកម្មលក់ភ្លើងឯកជននេះតែម្តង ។
សូមបញ្ជាក់ថា កន្លងមកអគ្គិសនីខេត្តស្ទឹងត្រែងបានផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ឱ្យទៅលោក ហ៊ុយ ចេង ជាម្ចាស់សេវាករឯកជន សម្រាប់ចែកចាយនិងផ្គត់ផ្គង់ភ្លើងបន្តពីអគ្គិសនីរបស់រដ្ឋដល់ប្រជាពលរដ្ឋចំនួន២ឃុំក្នុងស្រុកសៀមប៉ាង គឺឃុំសេកុង និងឃុំថ្មកែវ ។
បន្ទាប់ពីទទួលបានសិទ្ធិស្របច្បាប់ ម្ចាស់សេវាករផ្គត់ផ្គង់ភ្លើងឯកជនរូបនេះ ធ្វើអាជីវកម្មរបស់ខ្លួនបង្កឱ្យរកាំរកូសរហូតកើតមានរឿងរ៉ាវដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំទាំង២ខាងលើចោទថា បានប្រើប្រាស់កុងទ័រភ្លើងគ្មានស្តង់ដារ និងធ្វើគីឡូភ្លើងវិលលឿន ។
លោក ផាន់ យុទ្ធ អភិបាលស្រុកសៀម ប៉ាង បានប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលពាក្យបណ្តឹងរបស់ពលរដ្ឋទាំងនោះហើយ តែអាជ្ញាធរស្រុកគ្មានលទ្ធភាពដោះស្រាយរឿងនេះដែរ មានតែបញ្ជូនទៅថ្នាក់ខេត្តដើម្បីដោះស្រាយបន្តជូនតាមសំណើរបស់ពួកគាត់ ។

ចំណែកលោក ហ៊ុយ ចេង ជាម្ចាស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជន បានបដិសេធរាល់ការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះថា មិនត្រូវប្តឹងរូបលោកទេ ហើយរូបលោកក៏មិនដឹងអ្វីទាំងអស់ ។ ប្រជាពលរដ្ឋគួរតែទៅប្តឹងតវ៉ាចំពោះអាជ្ញាធរអគ្គិសនី និងក្រុមហ៊ុនលក់កុងទ័រភ្លើងម៉ាក«e-power»ទៅវិញទេ ។
លោកបញ្ជាក់ថា ការដែលរូបលោកប្រើប្រាស់កុងទ័រភ្លើងម៉ាក«e-power»គឺតាមការណែនាំ
ឱ្យប្រើពីអង្គភាពអគ្គិសនីកម្ពុជាតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ