ខេត្តកំពង់ឆ្នាំង ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង៣.៥០០ម៉ែត្រ ចេញពីភូមិសន្ទូចដល់ភូមិទ្រាត្បូង ស្ថិតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរដែលកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ មិនទាន់បានប៉ុន្មានខែផងស្រាប់តែបច្ចុប្បន្នមានការខូចខាតច្រើនកន្លែង ។ ហេតុនេះហើយ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន សំណូមពរដល់ក្រសួង មេត្តាចុះមកត្រួតពិនិត្យ និងជួសជុលកែលម្អផ្លូវនេះឡើងវិញផង ចៀសវាងការខូចខាតកាន់តែច្រើនជាងនេះ ។

លោក នូ ឃាន មេឃុំស្រែថ្មី ថ្លែងថា ផ្លូវមួយខ្សែនេះកាលដើមឡើយគឺជាផ្លូវលំក្រាលក្រួសក្រហម ហើយក៏មានការខូចខាតច្រើនកន្លែង ។ ប៉ុន្តែក្រោយមក ក្រោមការដឹកនាំរបស់ប្រមុខរាជ
រាជរដ្ឋាភិបាល បានឱ្យក្រសួងអភិវឌ្ឍន៍ជនបទចុះមកកសាងផ្លូវមួយខ្សែនេះ ជាផ្លូវក្រាលកៅស៊ូវិញ ដែលមានប្រវែង៣.៥០០ម៉ែត្រចេញពីភូមិសន្ទូចរហូតទៅដល់ភូមិទ្រាត្បូង ដោយមានដាក់
លូប្រអប់មួយកន្លែង ដែលកសាងឡើងដោយថវិការបស់រាជរដ្ឋាភិបាល ស្ថាបនាដោយនាយក
ដ្ឋានផ្លូវលំជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

លោកមេឃុំបញ្ជាក់ថា បើគិតមកដល់ពេលនេះ កសាងហើយមិនទាន់បាន២ខែផង ក៏បានខូចខាតទៅវិញជាច្រើនកន្លែង ដែលលោកមិនដឹងថា មកពីមូលហេតុអ្វីនោះទេ ។ ប៉ុន្តែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកុំឲ្យផ្លូវនេះកាន់តែខូចធ្ងន់ជាងនេះ ក្នុងនាមអាជ្ញាធរឃុំ លោកសំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាចុះមកជួយមើលនិងកែលម្អផ្លូវនេះឡើងវិញផង ។

ជុំវិញបញ្ហានេះ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានប្រាប់ភ្នាក់ងារយើងនៅរសៀលថ្ងៃទី២១ ខែកក្កដាថា ផ្លូវដែលកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទនេះ គឺកំពុងស្ថិតនៅក្នុងសុពលភាពនៃការជួសជុលឡើងវិញនៅឡើយទេ គឺធានាការជួសជុលរយៈពេល១ឆ្នាំ ។ ហេតុនេះហើយ ក្រសួងនឹងចុះមកពិនិត្យនិងជួសជុលក្នុងពេលឆាប់ៗនេះហើយ ៕



ចែករំលែកព័តមាននេះ