ខេត្តបន្ទាយមានជ័យ ៖ អ្នកជំងឺចំនួន៩នាក់ ក្នុងនោះមានម្នាក់មានសភាពក្តៅខ្លួន ចេញកន្ទួលរមាស់ និងរលាកបំពង់ក ហើយតាមការសន្និដ្ឋានដំបូងអាចជាជំងឺគ្រុនឈីក ដែលជាជំងឺថ្មីអាចបណ្តាលមកពីបរិស្ថានជុំវិញ និងពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់ឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី២១ ខែកក្កដា អ្នកជំងឺដែលមានសភាពក្តៅខ្លួន ចេញកន្ទួលរមាស់នៅដងខ្លួន និងរលាកបំពង់ក ហើយក្អក បានចូលមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតសរុបចំនួន៩នាក់ ក្នុងនោះមនុស្សចាស់ម្នាក់មានសភាពធូរស្រាលខ្លះហើយ ក្រោយពេលគ្រូពេទ្យពិនិត្យព្យាបាល ។

លោកប្រធានមន្ទីរបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតចំនួន៩នាក់នេះ តាមការសន្និដ្ឋានជំហានដំបូងអាចជាជំងឺគ្រុ្រនឈីកដែលជាជំងឺ
ថ្មី ។ គ្រូពេទ្យបានយកសំណាកទៅវិភាគនៅឯរាជធានីភ្នំពេញហើយ រយៈពេល២៤ម៉ោងទើបចេញលទ្ធផល ។ ការធ្វើតេស្តនោះ គឺរករោគសញ្ញាមាន គ្រុនឈាម កញ្ជ្រឹល ស្អូច និងកូវីដ-១៩។
លោកវេជ្ជបណ្ឌិត ឡេស ច័ន្ទសង្វាត បានថ្លែងទៀតថា អ្នកជំងឺទាំង៩នាក់នេះ បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ថ្ងៃទី១៩ ខែកក្កដា ចំនួន៣នាក់ ថ្ងៃទី២០ ខែកក្កដា ចំនួន៥នាក់ និងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ ម្នាក់ ។

ក្រុមមន្ត្រីមកពីមន្ទីរសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់គោលដៅមួយចំនួនក្នុងក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២០ ក្រោយពីមានអ្នកភូមិជាង១០០នាក់កើតជំងឺគ្រុនក្តៅ ។ រថយន្តបាញ់ថ្នាំសម្លាប់មូសខ្លាចំនួន២គ្រឿង បានធ្វើការបាញ់ថ្នាំតាមផ្លូវលំក្នុងភូមិចំនួន២គឺ ភូមិប៉ោយប៉ែតនិងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ជាភូមិដែលមានអ្នកស្រុកកើតជំងឺចម្លែកទន់ដៃទន់ជើង ក្តៅសន្ធំ កន្ទួលឬក្រហមសាច់ជាដើម ដែលតាមបច្ចេកទេសថាជាជំងឺគ្រុនឈីក ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានប្រាប់តាមទូរស័ព្ទថា ការចុះបាញ់ថ្នាំសម្លាប់មូសខ្លានេះ គឺក្រោយពីឃើញស្ថានភាពក្នុងភូមិទាំងនេះគ្មានអនាម័យ ដែលកន្លែងខ្លះអាចជាជម្រកមូសខ្លា និងណែនាំពីបញ្ហាសុខភាពដល់ពលរដ្ឋ ។
លោកប្រធានមន្ទីរបន្តថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរ ករណីអ្នកភូមិមានជំងឺនេះ លោកបានណែនាំដល់មន្ត្រីនៅការិយាល័យស្រុកប្រតិបត្តិក្រុងប៉ោយប៉ែត និងមណ្ឌលសុខភាព ឲ្យទៅពិនិត្យនិងព្យាបាលពលរដ្ឋភ្លាមៗ ។

លោកប្រធានមន្ទីរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែកក្កដា ឆ្នាំ២០២០ មានអ្នកជំងឺទាំង២ភេទសរុបចំនួន១៥២នាក់ ត្រូវបានពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយក្នុងចំណោមនេះ មាន២២នាក់បានយកឈាមទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ឯរាជធានីភ្នំពេញ តែមិនទាន់ទទួលបានលទ្ធផលឬអាចបញ្ជាក់ថាជាជំងឺអ្វីឲ្យច្បាស់លាស់នៅឡើយទេ ។ ចំណែក១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ឯក្រៅពីនេះបានជាសះស្បើយត្រឡប់ទៅលំនៅឋានវិញហើយ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពថា ការចុះបាញ់ថ្នាំសម្លាប់មូសខ្លានេះនឹងធ្វើឡើងទូទាំងក្រុងប៉ោយប៉ែត គឺព្រឹកថ្ងៃទី២២ ខែកក្កដា បាញ់ថ្នាំជុំវិញផ្សារអគ្គៈនិងផ្សារត្រី រួចបន្តទៅភូមិព្រៃគប់ដែលជាភូមិគោលដៅ ៕




ចែករំលែកព័តមាននេះ