ខេត្តព្រះសីហនុ ៖ គ្រឿងញៀនចម្រុះជាង ៥១គីឡូក្រាម ដែលរឹបអូសបានពីជនល្មើសនៅក្នុងខេត្តចំនួន៤ជាប់តំបន់ឆ្នេររួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ត្រូវបានប្រារព្ធពិធីដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ពិធីនេះមានការចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធ អគ្កលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមគួច ចំរើន អភិបាលខេត្ត ថ្នាក់ដឹកនាំនិងអាជ្ញាធរមានសមត្ថកិច្ចខេត្តទាំង៤ ព្រមទាំងស្ថាប័នតុលាការខេត្ត ប្រជាពលរដ្ឋសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយឫទ្ធិ សាខាកាកបាទក្រហម ។

នាឱកាសនោះ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ តំណាងឱ្យស្ថាប័នតុលាការទាំង៤ខេត្ត បានធ្វើរបាយការណ៍ឲ្យដឹងថា ការដុតកម្ទេចចោលគ្រឿងញៀនដែលស្ថាបន័តុលាការតាមខេត្តនីមួយៗសម្រេចក្តីជាស្ថាពរតាមនីតិវិធីច្បាប់រួមមាន ខេត្តព្រះសីហនុ មានជាង៣០គីឡូក្រាម ខេត្តកោះកុងមានជាង២០គីឡូក្រាម ខេត្តកំពតនិងកែបមានជាង២ក្រាម ។ ថ្នាំញៀនចម្រុះជាង៥១គីឡូក្រាមដែលត្រូវបានដុតចោលនេះ ជាភ័ស្តុតាងជាក់ស្តែងក្នុងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្តេជ្ញាបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានខ្លាំងថែមទៀត ។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា ជាលទ្ធផល ការអនុវត្តផែនការក្នុងយុទ្ធនាការប្រឆាំងគ្រឿងញញៀនលើកទី៥ ឆមាសទី១ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទទួលបានលទ្ធផល បង្ក្រាបបានចំនួន១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន២៥៦នាក់(ស្រី២០នាក់) ក្នុងនោះជនបរទេសចំនួន២០នាក់(ស្រី៥នាក់) ជនជាតិចិន១៨នាក់(ស្រី៥នាក់) ជនជាតិឥណ្ឌូណេស៊ី២នាក់ និងដកហូតវត្ថុតាងមាន ថ្នាំញៀនមេតំហ្វេតាមីនទឹកកក ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ថ្នាំញៀននីមេតាហ្សេប៉ាម ថ្នាំញៀនកេតាមីន រុក្ខជាតិញៀន(កញ្ឆា)និងប្រភេទថ្នាំញៀនជាច្រើនមុខទៀត ។

ឯកឧត្តមអភិបាលខេត្តថ្លែងទៀតថា ទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងការចូលរួមពីយើងទាំងអស់គ្នាដែលនាំឲ្យសម្រេចបាននូវលទ្ធផលល្អ ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ទោះជាយ៉ាងណាក៏សភាពការរណ៍គ្រឿងញៀនមកពីខេត្តផ្សេង ក្នុងតំបន់ និងពិភពលោក នៅតែបន្តជះឥទ្ធិពលមកដល់សន្តិសុខ សណ្តាប់ធ្នាប់ សុខភាពសាធារណៈ ដែលចាំបាច់យើងត្រូវតែចាត់វិធានការឲ្យបានម៉ឺងមាត់និងជាក់លាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ៕







អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ