ខេត្តព្រះសីហនុ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តព្រះសីហនុ នៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានដុតកម្ទេចចោលនូវថ្នាំញៀនចម្រុះ មានចំនួន សរុបជាង ៥១ គីឡូក្រាម ដែលនេះជាភស្តុតាងជាក់ស្តែង ក្នុងការបង្ក្រាបរបស់កំលាំងសមត្ថកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានប្តេជ្ញាបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានខ្លាំងថែមទៀតផងដែរ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែនដែលអាចបង្កមហន្តរាយដល់ប្រជាពលរដ្ឋគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមកមានការវិវឌ្ឍប្រែប្រួលគួរឲ្យកត់សម្គាល់ ហើយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានចាត់ វិធានការពហុវិស័យដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនធ្វើឱ្យសភាពការណ៍គ្រឿងញៀនស្ថិតនៅក្នុងស្ថានភាពដែលយើងអាចគ្រប់គ្រង និងត្រួតពិនិត្យបាន។

យន្តការនៃការទប់ស្កាត់គ្រឿងញៀនត្រូវបានពិនិត្យពីថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុងស្រុករហូតដល់ខេត្តតាមរយៈរបាយការណ៍បញ្ជូនសារទាន់ហេតុការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំតែទោះជាយ៉ាងណាក៏ដោយសភាពការណ៍គ្រឿងញៀនដែលមកពីខេត្តផ្សេងៗនៅក្នុងតំបន់ និងនៅលើពិភពលោក ដែលជះឥទ្ធិពលដល់សន្តិសុខសណ្ដាប់ធ្នាប់ សុខភាពសាធារណៈ ចាំបាច់ត្រូវចាត់វិធានការការពារឲ្យបានម៉ឹងម៉ាត់ និងជាក់លាក់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ។

ជាការឆ្លើយតបយើងបានរៀបចំយុទ្ធសាស្ត្រត្រួតពិនិត្យគ្រឿងញៀនខេត្តបានចាត់ទុកបញ្ហានេះជាបញ្ហាអាទិភាពហើយបានរៀបចំផែនការកសាងប្រតិបត្តិដោយត្រៀមលក្ខណៈសម្បត្តិទាំងធនធានមនុស្សធនធានហិរញ្ញវត្ថុ លិខិតបទដ្ឋានគតិយុត្តរចនាសម្ព័ន្ធ ដែលមានការចាត់តាំងដឹកនាំអនុវត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីធានាឱ្យបានការអនុវត្តប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា កន្លែងណាមានប្រើប្រាស់គ្រឿងញៀនច្រើននឹងមានបទល្មើសកើតច្រើន និងមានបញ្ហាអសន្តិសុខសង្គម។ ពីមុនកម្ពុជាពីមុនជាកន្លែងឆ្លងកាត់ តែបច្ចប្បន្នបានក្លាយជាកន្លែងផលិតកែច្នៃគ្រឿងញៀននៅនឹងកន្លែងហើយ។ លោកបានបញ្ជាក់ថាគ្រឿងញៀន បណ្តាលអោយមានគ្រោះថ្នាក់ធំ៣យ៉ាង៖ ១.បំផ្លាញខ្លួនឯង, ២.បំផ្លាញគ្រួសារ និងសហគមន៍ និងទី ៣.បំផ្លាញ ប្រទេសជាតិ។
លោកបានបន្តថាដូច្នេះវិធានការណ៍សំខាន់ៗ៣ដើម្បីប្រឆាំងគ្រឿងញៀន៖ ១.ផ្តើមចេញពីបុគ្គលម្នាក់ៗ ឆ្លើយថាទេចំពោះគ្រឿងញៀន។ ២.គ្រួសារនិងសហគមន៍ ត្រូវសហការជាមួុយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបង្ក្រាបទប់ស្កាត់សង្គ្រោះអ្នកញៀនថ្នាំបានទាន់ពេលវេលា។ ៣.មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដើម្បីសុខសុវត្ថិភាពប្រជាជនយើង។
សូមបញ្ជាក់ថា ការដុតចោលនេះ ប្រព្រឹត្តទៅនៅលើដីឡូតិ៍មួយកន្លែង ក្បែររូបសំណាកយាយម៉ៅ មានចម្ងាយពីច្រកចូលរមណីយដ្ឋានក្បាលឆាយប្រមាណ ១.០០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ចែករំលែកព័តមាននេះ