រាជធានីភ្នំពេញ ៖ ទាល់តែធ្លាក់ដែកត្រូវបុរសវ័យចំណាស់ម្នាក់បែកក្បាល ទើបបែក ធ្លាយរឿងការដ្ឋានសំណង់អគារខុនដូ UK ក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កំពុងតែលួចសាងសង់ឡើងដោយខុសច្បាប់ ។

ហេតុការណ៍ធ្លាក់ដែកចំក្បាលបុរសវ័យ៦១ឆ្នាំម្នាក់ បណ្ដាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ ខណៈដែលរូបគាត់កំពុងជិះម៉ូតូមួយគ្រឿងដឹកពូកតាមផ្លូវ ក៏ស្រាប់តែមានដែកជ្រុងមួយដើម ប្រវែងជិត៣ម៉ែត្រធ្លាក់ពីជាន់ទី១៩ នៃការដ្ឋានសំណង់អគារខុនដូ UK (អតីត៩៩៩) ក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបែកទាំងមួកសុវត្តិភាពដែលគាត់ពាក់ផងដែរ ។ ប្រសិនបើគ្មានវិញ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតមិនខានឡើយ ។
ការដ្ឋានសំណង់អគារខុនដូ UK នេះ ត្រូវខាងសាលារាជធានីភ្នំពេញ បានបិទការសាងសង់អស់រយៈពេលជាយូរមកហើយ តែម្ចាស់មិនបញ្ឈប់តាមការបិទនោះឡើយ នៅតែល្មើសបន្តសកម្មភាព រហូតដល់កើតមានករណីធ្លាក់ដែកលើអ្នកដំណើរតាមផ្លូវទើបដឹងថា ម្ចាស់វានៅលួចសាងសង់នៅឡើយ ហើយអាជ្ញាធរចុះមកបិទសាជាថ្មីម្តងទៀត ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់អគារខុនដូ UK (អតីត៩៩៩) ផ្លូវលេខ២៧១ កែងផ្លូវ១៨៧ (ខាងកើតមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឈិត សុភាព អាយុ៦១ឆ្នាំ ជាអនុប្រធានភូមិទួលរកាទី១ដែលមានទីលំនៅផ្ទះលេខ២៣F ផ្លូវជាតិលេខ២ ក្នុងសង្កាត់ទួលរកាទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ មុនពេលកើតហេតុ បុរសវ័យចំណាស់ជាអនុប្រធានភូមិរូបនេះ បានជិះម៉ូតូម៉ាកអ៊ែរប្លែក ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AP-៣១៣៦ មួយគ្រឿង ដឹកពូកមួយពីក្រោយដោយមានពាក់មួកសុវត្ថិភាពត្រឹមត្រូវ តាមបណ្តោយផ្លូវលេខ២៧១ ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះរូបគាត់ជិះមកដល់ចំណុចខាងលើ បុរសរងគ្រោះក៏ជិះបត់ចុះតាមផ្លូវលេខ១៨៧ ស្របតាមរបងមន្ទីរពេទ្យ កែងការដ្ឋានសំណង់អគារខុនដូ UK ដែលពីមុនឈ្មោះ៩៩៩នោះ ក៏ស្រាប់តែមានដែកជ្រុងដែលមានប្រវែង២,៨០ម៉ែត្រ បានធ្លាក់ពីលើជាន់ខ្ពស់បំផុតមកត្រូវក្បាល បណ្តាលអោយបែកមួកសុវត្ថិ ភាព និងបែកក្បាលហូរឈាមដួលដេកទៅលើដីរងរបួសធ្ងន់ ។

ពាក់ព័ន្ធទៅនឹងករណីធ្លាក់ដែកជ្រុងត្រូវលើបុរសវ័យចំណាស់ ជាអនុប្រធានភូមិនេះដែរ សំណាងណាស់រូបគាត់ពាក់មួកសុវត្ថិភាពប្រសិនបើមិនពាក់វិញប្រហែលជាអស់ជីវិតមិនខានឡើយ ។តាមប្រភពដដែលក៏បានបញ្ជាក់ទៀតថា ការដ្ឋានសំណង់អគារខុនដូ UK អតីត៩៩៩នេះដែរ មានម្ចាស់ឈ្មោះ ទាវ ធីតា ភេទស្រី ដែលអ្នកខ្លះថាជាកម្មសិទ្ធិរបស់ឧកញ៉ា ថោង សារ៉ាត់ ហើយការដ្ឋានសំណង់នេះ ត្រូវខាងសាលារាជធានីភ្នំពេញ បានបិទការសាងសង់អស់រយៈពេលជាយូរមកហើយ តែខាងការដ្ឋានមិនគោរពតាម និងនៅតែបន្តលួចធ្វើសកម្មភាពសាងសង់ រហូតដល់មានរឿងបែបនេះកើតឡើងទើបដឹងថាលួចធ្វើបន្ត ។

នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែល ក្រោមការដឹកនាំរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង មានសង្កាត់នគរបាលខណ្ឌ និងប៉ុស្តិ៍ទំនប់ទឹក ចុះមកធ្វើការបិទការដ្ឋានសំណង់អគារខុនដូ UK(អតីត៩៩៩) សាជាថ្មីម្តងទៀតផងដែរ ចាំមើលទៀត តើបិទជិតដែរឬអត់ ?

ព័ត៌មានបន្ថែមចុងក្រោយក្រោយមានឧបទ្ទវហេតុនេះ អ្នកទទួលខុសត្រូវការដ្ឋានសំណង់អគារខុនដូ UK ចំនួន២នាក់ ក្នុងនោះមានវិស្វករម្នាក់ និងកម្មករសំណង់ម្នាក់ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីកើតមានករណីធ្លាក់ដែក ត្រូវក្បាលលោកអនុប្រធានភូមិ១រូប បង្កឱ្យមានរងរបួសធ្ងន់ ។ អ្នកដែលបានឃាត់ខ្លួនទី១-ឈ្មោះ ម៉ី ម៉ារ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ ជាវិស្វករសំណង់ប្រចាំការដ្ឋានសំណង់ ស្នាក់នៅផ្ទះជួលលេខ៨C ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-ឈ្មោះ អ៊ុង សារឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ក្រោយពេលកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនក៏បាននាំទាំង២នាក់មកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង មិនទាន់បានប៉ុន្មានម៉ោងផង ក៏លេចឮដំណឹងថា កំពុងតែមានគេរត់ការដោះលែងបុរសទាំង២នាក់ ជាអ្នកមើលការខុសត្រូវការដ្ឋានសំណង់ខាងលើហើយ ខណៈជនរងគ្រោះកំពុងតែសម្រាកនៅមន្ទីរពេទ្យ ដែលនៅមិនទាន់មានការដោះស្រាយនៅឡើយេ ៕
ចែករំលែកព័តមាននេះ