ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុខរបរសំលៀងកាំបិត ពូថៅ ត្បិតតែមើលទៅហាក់ដូចជាតូចតាច ហើយកម្រមានអ្នកបង្កើតវាដែរ ប៉ុន្តែមុខរបរមួយនេះ អាចរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតទៀតផង។

សេចក្តីរាយការណ៍បន្តថា ម៉ាស៊ីន១គ្រឿងភ្ជាប់ដោយឧបករណ៍សំលៀង១ឈុតលើកន្ទុយម៉ូតូ គួបផ្សំនឹងឧបករណ៍បំពងសម្លេងផ្សព្វផ្សាយ១ផង បុរសវ័យ៤៣ឆ្នាំឈ្មោះ ហ៊ុន ផា មកពីភូមិ និងឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបច្ចុប្បន្នស្នាក់នៅភូមិ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានអះអាងថា រូបគាត់អាចរកប្រាក់ចំណូលពីការសំលៀងកាំបិត ពូថៅឲ្យគេនេះ គឺមួយថ្ងៃអាចរកប្រាក់យ៉ាងតិចបាន៥ម៉ឺនរៀល។
បុរសខាងលើបន្តថា រូបគាត់បានបង្កើតមុខរបរនេះចំនួន៤ឆ្នាំមកហើយ ដោយដំបូងឡើយចាប់ផ្តើម១ឆ្នាំនៅឯស្រុកកំណើត និងបន្តអាជីពនេះនៅក្រុងប៉ោយប៉ែត រយៈពេល៣ឆ្នាំ។ បុរសរូបនេះបន្តទៀតថា សម្រាប់កាំបិតតូច១ តម្លៃ២ពាន់រៀល ឯកាំបិតធំដូចជាផ្គាក់ ឬខ្វែវ,កាំបិតវែងតម្លៃ៣ពាន់រៀល។

គាត់បញ្ជាក់ថា បើទោះជាពេលនេះជាសម័យកូវីដ១៩ ធ្វើឱ្យអ្នកស្រុកជួបបញ្ហាជីវភាពខ្លាំងក៏ដោយ តែរូបគាត់នៅតែអាចរកប្រាក់បានយ៉ាងតិច៥ម៉ឺនរៀលក្នុង១ថ្ងៃ ព្រោះមុខរបរដូចគាត់មិនសូវមានអ្នកបង្កើតឡើងទេ ហើយបើមានក៏មានតិចតួចដែរ ឯមនុស្សប្រើកាំបិតគឺមានច្រើន៕ (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ