ខេត្តមណ្ឌលគិរី ៖ ដំរីស្រុកមួយក្បាលរស់នៅជាមួយមនុស្សអស់រយៈពេលជាង៥០ឆ្នាំមកហើយ ដែលម្ចាស់ចាត់ទុកដូចសមាជិកគ្រួសារតែមួយបានងាប់ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រោយវាមានជំងឺជាច្រើនឆ្នាំ ។

បើតាមអាជ្ញាធរមូលដ្ឋានឲ្យដឹងថា ដំរីឈ្មោល១ក្បាលដែលងាប់នេះ នៅចំណុចអូរប៉ាយ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ។ កន្លងមក ដំរីនេះធ្លាប់ត្រូវបានមន្ត្រីពេទ្យសត្វធ្វើការព្យាបាលម្តងហើយ ព្រោះតែសុខភាពវាទ្រុឌទ្រោមទៅតាមវ័យធម្មជាតិ ។ ម្ចាស់ដំរីឈ្មោះ ជ្រេម ជ្រុន ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិព្នង រស់នៅភូមិ ឃុំ ខាងលើ ។
ខ្មោចដំរីខាងលើ ត្រូវបានគ្រួសារលោក ជ្រុនរៀបចំពិធីបុណ្យបញ្ចុះទៅតាមប្រពៃណីរបស់អ្នកស្រុក ដោយក្តីស្រណោះក្រៃលែង ។សូមបញ្ជាក់ថា កាលពីអំឡុង១០ឆ្នាំកន្លងទៅ នៅខេត្តមណ្ឌលគិរីមានដំរីបម្រើដល់វិស័យទេសចរណ៍ជាង៣០ក្បាល ប៉ុន្តែចំនួននេះបានថយចុះជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននៅសល់មិនដល់២០ក្បាលផង ។
តាមជំនឿថា ការដែលចំនួនដំរីមានការថយចុះនេះ ព្រោះតែកត្តាមួយចំនួនដូចជា ដំរីចិញ្ចឹមញីឬឈ្មោលមិនអាចមានកូនបានឡើយ បើសិនជាពួកគេមិនបានរៀបចំពិធីមង្គលការដូចមនុស្ស ដែលនេះជាទំនៀមទម្លាប់ដ៏តឹងតែងបំផុតសម្រាប់ម្ចាស់ដំរីដែលត្រូវកាន់ត្រណមជាដាច់ខាត ។
ប្រសិនបើដំរីណាមួយដោយញីដោយឈ្មោលរហូតមានកូននោះ ម្ចាស់ដំរីត្រូវរៀបចំពិធីសែនព្រេន ជាការសុំខមាទោសពីម្ចាស់ទឹកម្ចាស់ដី និងអ្នកភូមិ ។ ឯតង្វាយសម្រាប់ពិធីសែនព្រេននេះគឺជាបញ្ហាប្រឈមបំផុតដែលម្ចាស់ដំរីត្រូវរ៉ាប់រង ដ្បិតគេត្រូវរៀបចំកាប់ក្របី ជ្រូក មាន់ និងស្រាពាង…សម្រាប់រៀបចំពិធី ។
ដោយសារតែបញ្ហានេះ ទើបដំរីនៅខេត្តមណ្ឌលគិរីត្រូវបានម្ចាស់រារាំងមិនឲ្យបន្តពូជ ធ្វើឲ្យចំនួនដំរីថយចុះជាលំដាប់ ។ បច្ចុប្បន្នបើចង់ឲ្យដំរីទាំងនោះមានគូ អាចបន្តពួជបានក៏ស្ទើរតែជ្រុលពេលទៅហើយ ដ្បិតដំរីមានវ័យចាស់ៗអស់ហើយ ពិបាកក្នុងការមានកូន ។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តឲ្យដឹងថា បច្ចុប្បន្ននៅតាមតំបន់ព្រៃការពារទាំង៥ក្នុងខេត្តមណ្ឌលគិរី មានដំរីព្រៃកំពុងរស់នៅជិត៥០០ក្បាល ដែលនេះអាចចាត់ទុកថា ជាចំនួនដ៏ច្រើនសម្រាប់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ