ជាប់គុកម្តងហើយ ព្រាយគុកតាមលង ហើយចេះរកគុកឃើញទៀត (វីដេអូ)
- កំពង់ចាម
ខេត្តត្បូងឃ្មុំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេខ្លោងជំនាញខាងឆបោកប្រាក់តាមទូរស័ព្ទ ដើម្បីរត់ការឡើងតំណែង ឬឋានន្តរសក្កិ នៅទីបំផុតត្រូវបានអស់លក្ខណ៍ហើយ ដោយសមត្ថកិច្ចបានចាប់ខ្លួនបាន រួមជាមួយនឹងលេខាស្រីម្នាក់ទៀត។ អាជ្ញាធរបានធ្វើសន្និសីទកាសែតនៅក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោសែន ដែលជាម្ចាស់ដើមបណ្ដឹង។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងថា ដំបូងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីឈ្មោះ ខន សុម៉ាលី អាយុ៣៦ឆ្នាំ រស់នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោយពីបានសួរនាំក៏ឆ្លើយសារភាព ទើបឈានចាប់ខ្លួនមេខ្លោងម្នាក់ទៀត ឈ្មោះ សួន មុនី ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមកិច្ចសហការជារវាងនគរបាលខេត្តត្បូងឃ្មុំ និងនគរបាលខេត្តស្វាយរៀង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងដាក់ពន្ធនាគារខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានមានប្រសាសន៍រំលឹកថា មេខ្លោងឈ្មោះមុនី ធ្លាប់បានប្រព្រឹត្តបទល្មើសឆបោក ដោយប្រើរូបភាពទូរស័ព្ទក្លែងបន្លំធ្វើជាមន្ត្រីថ្នាក់លើ មកឆបោកមន្ត្រីនៅមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ក្នុងពាក់កណ្ដាលឆ្នាំ២០១៧ ក្រោមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ច លុះដល់ចុងឆ្នាំ២០១៧ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយជាប់ទោសពីបទឆបោក២ឆ្នាំ៦ខែ ។

តែអនុវត្តទោសរយៈពេលមួយឆ្នាំដោយសារឃើញទង្វើបុគ្គលនេះ មានការកែប្រែនឹងប្រព្រឹត្តល្អវិញ ក៏ត្រូវបានតុលាការខេត្ត សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញនៅចុងឆ្នាំ២០១៨ ។ លុះមកដល់ត្រីមាសទី១ឆ្នាំ២០១៩ បុគ្គលឈ្មោះមុន្នីនេះ មិនបានរាងចាលនោះទេ គឺបានប្រព្រឹត្តនៅអំពើដដែលឡើងវិញ ដោយដើរតាមគន្លងចាស់ដដែល ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)












ចែករំលែកព័តមាននេះ