ពោធិ៍សាត់ ៖ បញ្ហាប្រឈមចំនួន៤១ករណីនោះរួមមានទំនាស់ក្រុមគ្រួសារ ទំនាស់ដីធ្លី (ទំនាស់ព្រំដីទំនាស់ដីជាន់កម្មសិទ្ធិ) ការជំពាក់បំណុលគ្នា និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សរុប៤១ករណី ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋ តាមរយៈវេទិកាមួយដែលរៀបចំឡើងកាល ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្នុងសាលាខេត្តពោធិ៍សាត់ ។

នៅក្នុងការសម្របសម្រួលនោះ លោក ម៉ៅ ធនិន បានសូមឱ្យភាគីមានទំនាស់គ្នា និយាយតែការពិតមានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ ។ លោកអភិបាលខេត្តបានស្នើឲ្យពលរដ្ឋត្រូវមានការសណ្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ដើម្បីអាចបញ្ចប់រឿងបាន ចៀសវាងប្ដឹងផ្ដល់គ្នាទៅដល់តុលាការ នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា ។

លោកអភិបាលខេត្តពោធិ៍សាត់បានណែនាំពលរដ្ឋថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ» ។
លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទីទៅតាមឋានានុក្រមគ្រួសារជាកូន ជាក្មួយ ជាបង និងជាប្អូន ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនប្រជាពលរដ្ឋបានចំនួន៤១ករណី និងនៅសេសសល់ប៉ុន្មានករណីផ្សេងទៀត ទៅបន្តនៅសប្តាហ៍ក្រោយ ។
ខេត្តពោធិ៍សាត់ បានរៀបចំវេទិកា ដើម្បីជួបពលរដ្ឋ និងជាការផ្តល់ឱកាសឲ្យពលរដ្ឋលើកពីបញ្ហាមកដាក់លើតុរកដំណោះស្រាយរួមគ្នាទល់មុខគ្នានេះជាច្រើនលើកមកហើយ ។ យន្តការបើកវេទិកាដល់ពលរដ្ឋនេះទទួលបានការស្វាគមន៍ពីសាធារណៈជន ។
លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោកអភិបាលខេត្តបានប្រើប្រាស់វេទិកានោះប្រកបដោយភាពប៉ិនប្រសព្វមានគុណធម៌ធ្វើឱ្យភាគីមានទំនាស់ទទួលយកដោយការពេញចិត្ត និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ ។ នៅសប្តាហ៍ក្រោយលោកអភិបាលខេត្ត និងអនុញ្ញាតឲ្យមានវេទិកានោះបន្តទៀត៕
ចែករំលែកព័តមាននេះ