រាជធានីភ្នំពេញ ៖ ក្រោយតស៊ូរយៈពេល៩ ឆ្នាំ ទីបំផុតយុត្តិធម៌បានកើតមានចំពោះម្តាយចាស់មួយរូប ដែលមានវ័យ ៧៤ ឆ្នាំ ដែលកន្លងមកត្រូវបានកូនស្រីបង្កើតជាគ្រូបង្រៀន បានកាន់កាប់ដីគាត់ជាង១ហិកតាកន្លះ នៅក្រុងកែប ដោយគ្មានបណ្ណកម្មសិទ្ធ ហើយត្រូវកូនស្រីរូបនេះបានកាត់កាល់នឹងបណ្តេញម្តាយចេញពីទីនោះទៀតផង ពេលស្ត្រីវ័យចំណាស់រូបនេះទទួលបានយុត្តិធម៌វិញហើយ ។

បើតាមការឲ្យដឹងរបស់ លោកដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លោកយាយ ម៉ក់ ស៊ូន អាយុ៧៤ឆ្នាំ ទោះបីមិនមែនជាយាយបង្កើតរបស់លោកក៏ពិតមែន តែក៏គាត់ជាមនុស្សចាស់ម្នាក់ដែលមើលទៅគួរអោយអាណិតអាសូរណាស់ ។ លោកយាយត្រូវបានកូនស្រីបង្កើតជាគ្រូបង្រៀន (ប្តីមន្ត្រីអប់រំ) បានកាន់កាប់ដីគាត់ជាង ១ហិកតាកន្លះនៅក្រុងកែបដោយគ្មានបណ្ណកម្មសិទ្ធ ហើយអ្នកគ្រូក៏បានកាត់កាល់នឹងបណ្តេញម្តាយចេញពីទីនោះទៀតផង ។សូម្បីតែផ្នូរម្តាយគាត់នៅក្នុងដីនោះក៏មិនអោយចូលទៅជិតដែរ ។

លោកបានបន្តថា «ពិតជារន្ធត់ តើគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាមនុស្សទៅណាអស់ហើយ? ដើម្បីតែដី ដើម្បីតែលុយ មនុស្សធ្វើគ្រប់យ៉ាង សូម្បីតែម្តាយខ្លួនឯងបង្កើត! រឿងវិវាទនេះ លោកយាយខំតស៊ូមកជាង៩ឆ្នាំ ទម្រាំមានឱកាសបានដាក់លិខិតគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្ត្រី» ។

បើតាមការរៀបរាប់របស់លោក ដួង តារា បានឲ្យដឹងថា កាលពីថ្ងៃទី១៧ កក្កដា រូបលោកក៏បានទៅមើលស្ថានភាពជាក់ស្តែង ហើយបានជួយសម្របសម្រួលផ្សះផ្សារវាងម្តាយ និងកូន ដោយមានលោកស្រីអភិបាលក្រុងកែប និងប្រធានភូមិបាលក្រុងចូលរួមផងដែរ ។ ក្នុងនាមជាម្តាយដែលមានបង្កាន់ដៃកាន់កាប់ដីស្របច្បាប់តាំងពីឆ្នាំ ១៩៩០ មក លោកយាយសុំតែកន្លះហិកតាទេ ដីនៅសល់ជាង១ហិកតាទៀតទុកអោយកូនស្រី ដើម្បីបានចែកបន្តអោយទៅកូនក្នុងបន្ទុកចុះ ។ ក្នុងថ្ងៃនោះអ្នកគ្រូអត់ព្រមទេ ។ លោកបានបន្តថា «ខ្ញុំចប់យោបល់ ព្រោះមិនដែលជួបរឿងដែលមិនគួរជឿបែបនេះ ។ រហូតមកដល់ថ្ងៃទី ២០ កក្កដា ទើបអ្នកគ្រូព្រមចែកអោយម្តាយ ។

ពិតណាស់ សម្តេចតេជោ គឺជាព្រះរស់របស់ពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលត្រូវបានគេធ្វើបាប ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែមានក្តីសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្ថានភាពទាំងអស់ ហើយយុត្តិធម៍តែងតែកើតមានដល់ពលរដ្ឋរងគ្រោះមិនខាន នៅពេលដែលសម្តេចលោកបានទទួល ។ ការផ្សះផ្សាបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ គឺគ្រប់គ្នាឈ្នះដោយស្នាមញញឹម ។

ជាមួយគ្នានោះផងដែរ លោកក៏សូមអរគុណលោកអភិបាលខេត្តកែប អភិបាលក្រុងកែប ប្រធានភូមិបាលក្រុង និងអាជ្ញាធរទាំងអស់ ព្រមទាំងក្រុមការងារ និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចូលរួមផ្សះផ្សាបញ្ចប់វិវាទនេះ បានចប់ជាស្ថាពរកាលពីពេលថ្មីៗនេះ ។ ពេលនេះអាជ្ញាធរកំពុងវាស់វែងរៀបចំបណ្ណកម្មសិទ្ធិជូនភាគីទាំង២ ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ។

លោក ដួង តារា ក៏បានផ្ញើសារយ៉ាងចាក់ដោតផងដែរថា «កុំព្រោះតែដី! ធ្វើបុណ្យជូនម្តាយទាន់គាត់នៅរស់ ផ្តល់ស្នាមញញឹមជូនម្តាយជំនួសដោយទឹកភ្នែក ទើបទេវតាថែរក្សាយើង!» ៕




ចែករំលែកព័តមាននេះ