រាជធានីភ្នំពេញ ៖ តារាចម្រៀងពហុជំនាញ ដែលមានសមត្ថភាពសម្តែង ច្រៀង កំប្លែងនិងធ្វើជាពិធីករផងនោះ រ៉ូលីនបានធ្វើអោយមហាជនរំភើបចិត្តជំនួសរូបគាត់ បន្ទាប់ពីទទួលបានកាដូដ៏មានតម្លៃបំផុតពីមនុស្សជាទីស្រលាញ់នៅក្នុងថ្ងៃខួបកំណើត។

ខួបកំណើតឈានចូលដល់ក្នុងវ័យ៣២ឆ្នាំ តារាដែលមានចំណុចពិសេស ខុសប្លែកពីគេរូបនេះ និងតុបតែងកាយជាស្ត្រីយ៉ាងសមសួននោះ បានបង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីរ៉ូលីន ទទួលបានក្រវ៉ាត.ក និងកុលាបមួយទងពណ៌មាសស្រស់ ពីមនុស្សជាទីស្រលាញ់កាលទី ២១ កក្កដា ម្សិលមិញនេះ ដោយនៅក្នុងនោះ រ៉ូលីនក៏បានសរសេរសារយ៉ាងខ្លីនៅក្នុងបណ្តាញសង្គម Instagram ថា « កាដូខួបកំណើតដ៏មានន័យបំផុតសំរាប់ជីវិតរបស់ខ្ញុំ ហើយអរគុណគ្រប់យ៉ាងសម្រាប់ការស្រលាញ់»។
យ៉ាងណាមិញ អ្នកគាំទ្រមិនទាន់ដឹងនៅឡើយនោះទេថា ម្ទាស់កាដូរូបនោះជានរណា?ពីព្រោះកន្លងមកនេះ តារាចម្រៀងដែលកសាងភាពល្បីល្បាញតាមរយៈការតុបតែងកាយជាមនុស្សស្រីភាគច្រើនលើសលប់នៃការសម្តែងរបស់ខ្លួននិងមានសមត្ថភាពច្រៀងបានទាំងសម្លេងប្រុស និងសម្លេងស្រី ជាពិសេសគឺការច្រៀងត្រាប់សម្លេងអ្នកចម្រៀងល្បីជំនាន់ដើម អ្នកនាង ប៉ែន រ៉ន នៅមិនទាន់បានបង្ហាញ និងបង្ហើបឲ្យដឹងលម្អិតអំពីមនុស្សពិសេសរបស់ខ្លួនឡើយ ។
គួរបញ្ជាក់ផងដែរថា តារាដែលមានសំណើចមិនចេះរឹងស្ងួត និងអាចលេងខ្លួនប្លែកៗរូបនេះ ហាក់ស្ងាត់មិនសូវបង្ហាញវត្តមានតាមបណ្តាកម្មវិធីនានាតាមរយៈទូរទស្សន៍នានានោះទេ ក្រៅពីមានវត្តមាននៅក្នុងកម្មវិធីច្រៀងតាមកម្មវិធីមង្គលការធំៗ និងកម្មវិធីកំប្លែងកម្សាន្តរបស់ទូរទស្សន៍ក្នុងស្រុកមួយតែប៉ុណ្ណោះ៕





ចែករំលែកព័តមាននេះ