រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឲ្យសាលាឯកជនចំនួន២០បើកសាកល្បងក្នុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ ។
![Picture]()
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានឲ្យកោះសន្តិភាពដឹង នៅថ្ងៃទី២២ កក្កដាឆ្នាំ២០២០ថា តាមរយ:លិខិតលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការWHO។
![Picture]()
សូមជម្រាបថាកាលពីថ្មីកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដេីម្បីអនុញ្ញាតអោយដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។
ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ ។
![Picture]()
យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន ៖គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ៖ ការអនុវត្តលក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩ ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា , ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។
គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី÷ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។ -គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន ។
គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។
ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងមុឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា ។ ផ្អែកតាមបទពិសោធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាននូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕
ចែករំលែកព័តមាននេះ