ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋចំនួន៣១គ្រួសារ កាលពីថ្ងៃទី២០ ខែកក្កដា បាននាំគ្នាមកតវ៉ាដល់សាលាខេត្ត សុំឲ្យជួយធ្វើប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រ និងបានចោទប្រកាន់មន្ត្រីនិងអាជ្ញាធរមូលដ្ឋានថា មិនធ្វើឱ្យពួកគាត់ដែលជាអ្នកក្រីក្រពិតប្រាកដនោះទេ ។

ប្រជាពលរដ្ឋដែលមកតវ៉ាសុំឲ្យឯកឧត្តមអភិបាលខេត្ត ធ្វើប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រមចំនួន៣១គ្រួសារនេះ មកពីឃុំសំបួរ ស្រុកមង្គលបុរី៧គ្រួសារ និងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ២៤គ្រួសារ ។ ពួកគាត់អះអាងថា ពួកគាត់ជាគ្រួសារក្រីក្រពិតប្រាកដ តែមន្ត្រីជំនាញនិងអាជ្ញា
ធរមូលដ្ឋានមិនបានធ្វើប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រឱ្យឡើយ ឃើញធ្វើឱ្យតែបក្ខពួកឬសាច់ញាតិរបស់ខ្លួន ដែលបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ខណៈជួបការលំបាកក្នុងអំឡុងមានវិបត្តិកូវីដ-១៩នេះ ។

ប៉ុន្តែលោកមេឃុំសំបួរនិយាយថា ចំពោះប្រជាពលរដ្ឋចំនួន៧គ្រួសារ មកពីភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបុរី តាមពិតបានស្គាល់មុខនិងស្គាល់ផ្ទះសម្បែង ហើយអាជ្ញាធរមូលដ្ឋានបានទៅពិនិត្យផ្ទះសម្បែង ហើយដាក់ពាក្យនិងធ្វើការសាកសួរដោយមន្ត្រីជំនាញ ។ ពួកគាត់ទាំង៧គ្រួ
សារនេះ មិនជាប់ជាប្រជាពលរដ្ឋក្រីក្រឡើយព្រោះគាត់មានសមត្ថភាព និងមានស្រែចម្ការព្រមទាំងមានម៉ូតូជិះទៀតផង ។
រីឯតំណាងប្រជាពលរដ្ឋចំនួន២៤គ្រួសារបានលើកឡើងថា ពួកគាត់ពិតជាក្រីក្រប្រាកដមែនគឺរកព្រឹកខ្វះល្ងាច តែមិនឃើញមានអាជ្ញាធរណាអើពើឬសួរនាំឡើយ ទើបពួកគាត់សម្រេចចិត្តមកតវ៉ាសុំឱ្យឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ធ្វើប័ណ្ណសមធម៌ឱ្យ គ្រាន់បានបើកលុយពីរាជរដ្ឋាភិបាលក្នុងឱកាសកូវីដ-១៩ជួយទ្រទ្រង់ជីវភាព ។

លោក លី សារី អភិបាលរងខេត្ត មិនបានឆ្លើយតបបែបណាចំពោះក្រុមពលរដ្ឋទាំងនោះទេ
តែលោកបានសុំឱ្យបងប្អូនបើមានហើយសុំកុំឱ្យធ្វើក្រីក្រ ។ ជាក់ស្តែង មានរួចហើយដែលគាត់
តវ៉ា លុះពេលចុះទៅពិនិត្យផ្ទាល់គឺមានលទ្ធភាពគ្រប់គ្រាន់ ។ កន្លងមក ប្រជាពលរដ្ឋខ្លះមិនសូវអើពើនឹងការធ្វើប័ណ្ណក្រីក្រឡើយ ព្រោះខ្លាចខ្លួនជាប់ឈ្មោះក្រីក្រ លុះនៅពេលរាជរដ្ឋាភិបាលជួយឧត្ថម្ភប្រាក់ជូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រ ស្រាប់តែពួកគាត់ខ្លះមកតវ៉ាសុំធ្វើប័ណ្ណក្រីក្រ ។

លោកអភិបាលរងខេត្តថ្លែងថា នឹងឱ្យមន្ត្រីជំនាញទៅពិនិត្យផ្ទាល់ដល់លំនៅឋានហើយបើគាត់មានស្ថានភាពក្រីក្រពិតប្រាកដមែននឹងឱ្យគាត់ធ្វើប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋជាក់ស្តែង ហើយសុំឱ្យអាជ្ញាធរមូលដ្ឋានត្រូវធ្វើរបាយការណ៍មួយជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកអំណោយទៅចែកជូន ៕

ចែករំលែកព័តមាននេះ