រាជធានីភ្នំពេញ៖ ថ្មីៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានតែងតាំងសមាសភាពថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ។

ដែលការតែងតាំងថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ប្រចាំខេត្តទាំងពីរ គឺបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងមានសាលាឧទ្ធរណ៍ ដែលជាតុលាការថ្នាក់ខ្ពស់ តាមខេត្ត ក្រៅពីរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋនៅក្នុងការទទួលសេវាយុត្តិធម៌ថ្នាក់ខ្ពស់ដោយពុំចាំបាច់ធ្វើដំណើរឡើងមកក្រុងភ្នំពេញ ។

កន្លងមកតុលាការឧទ្ធរណ៍ និងតុលាការកំពូលមានតែនៅភ្នំពេញប៉ុណ្ណោះ ពលរដ្ឋដែលមានរឿងក្តីក្តាំ បន្ទាប់ពីឆ្លងកាត់សាលាដំបូងខេត្ត រាជធានីហើយ បើចូលតតាំងគ្នានៅតុលាការថ្នាក់ខ្ពស់ទៀត ត្រូវធ្វើដំណើរមកភ្នំពេញ ដែលប្រការនេះបង្ករការលំបាកដល់ពលរដ្ឋ។ ពលរដ្ឋខាតទាំងពេលវេលានិងថវិកានៅក្នុងដំណើរការនីតិវិធីតុលាការ។

ការបង្កើតឲ្យមានសាលាឧទ្ធរណ៍នៅខេត្តទាំងពីរនេះ ជាការបង្ខិតសេវាយុត្តិធមកាន់តែជិតខិតពលរដ្ឋ។ ពលរដ្ឋនៅជុំវិញខេត្តទាំងពីរមិនបាច់ធ្វើដំណើរមកភ្នំពេញទៀតឡើយ បើត្រូវការសេវាយុត្តិធម៌ថ្នាក់ខ្ពស់នោះ។
លោក កើត រិទ្ធ នៅថ្ងៃទី២១ ខែក្កដាឆ្នាំ២០២០នេះ បានប្រកាស ឲ្យដំណើរ សាលាឧទ្ធរណ៍ព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។ ចំណែកសាលាឧទ្ធរណ៍ខេត្តបាត់ដំបង លោកមិនទាន់ ឃើញមានប្រកាសឲ្យដំណើរការនៅពេលណានេះទេ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំង លោក សុខ កល្យាណ ឧត្តមចៅក្រម ថ្នាក់លេខ៦ ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និង លោកស្រី អ៊ិត ម៉ានិត្យ ឧត្តមចៅក្រម ថ្នាក់លេខ៣ ជាចៅក្រមសាលាឧទ្ធរណ៍ព្រះសីហនុ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
ក្នុងថ្ងៃដដែលនោះ ព្រះអង្គក៍បាន ចេញព្រះរាជក្រឹត្យ តែងតាំង លោក នួន សាន ឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ៦ ជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ផងដែរ៕
ចែករំលែកព័តមាននេះ