ខេត្តឧត្តរមានជ័យ ៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឃាត់ខ្លួនព្រានព្រៃ២នាក់ប្តីប្រពន្ធ ដែលលួចដាក់អន្ទាក់ឆក់សត្វព្រៃនៅក្នុងតំបន់ការពារព្រៃសហគមន៍សង្ឃរុក្ខាវ័ន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភ្នំអណ្តូង ភូមិសុពណ៌ ឃុំលំទង ស្រុកអន្លង់វែង ។
ព្រានព្រៃទាំង២នាក់ប្តីប្រពន្ធនេះ ប្តីឈ្មោះ អ៊ុច រីន អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ សុខ ផល អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។

ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតសម្ភារសម្រាប់ធ្វើសកម្មភាពរួម
មាន អាគុយ២ អាំងវែរទ័រ១គ្រឿង ខ្សែភ្លើង សម្រាប់ពង្រាយឆក់ប្រវែង១.០០០ម៉ែត្រ ។
ចំណែកព្រានព្រៃទាំង២នាក់ប្តីប្រពន្ធ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។
ព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តនិងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន មាន
ថេរដីកាថា កម្លាំងការពារសហគមន៍បានចុះល្បាតព្រៃប្រទះឃើញព្រានព្រៃទាំងពីរនាក់ប្តីប្រពន្ធនេះ កំពុងធ្វើសកម្មភាពដាក់អន្ទាក់សត្វក៏បានឃាត់ខ្លួនភ្លាមៗរួមជាមួយវត្ថុតាងជាច្រើន ។

គួររំឭកថា ក្នុងដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន មានទន្សោង២ក្បាលហើយបានងាប់ បើគិតចាប់ពីថ្ងៃទី២៤ ខែឧសភា មកទល់នឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ។ ការងាប់សត្វព្រៃដ៏កម្រនេះ ពិតជាគួរឱ្យសោកស្តាយបំផុត ៕
ចែករំលែកព័តមាននេះ