ប្រាប់២ដងហើយនៅតែបំពាន មានតែបង្ក្រាបទើបរាង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក កែង សំណាង អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌចុះមកធ្វើការបង្ក្រាបផ្ទះបើកអ៊ីនធើរណេតមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតិបើកលេង ២៤ម៉ោង ទាំងថ្ងៃ ទាំងយប់ ដោយមានសុទ្ធតែក្រុមក្មេងស្ទាវៗយ៉ាងគគ្រឹកគគ្រេងនាំគ្នាចូលមកលេងបង្កការភ័យខ្លាច និងរំខានដល់ការរស់នៅអ្នកជិតខាង។

ដោយអាជ្ញាធរចុះមកធ្វើការជូនដំណឹងចំនួន២លើកមកហើយ តែមិនស្តាប់នៅតែលេង ទើបលើកទី៣នេះ ចុះមកធ្វើការបង្ក្រាបដោយបានតែម្តង និងឃាត់ខ្លួនអ្នកមើលការខុសត្រូវ ព្រមទាំងអ្នកលេងប្រុស-ស្រីបានចំនួន៤នាក់ (ក្នុងប្រុស៣នាក់ ស្រីម្នាក់) និងដកហូតម៉ាស៊ីនកុំព្យូទ័រចំនួន១៨គ្រឿង ទូរឈើ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចហាង អ៊ីនធើរណេតគ្មានយីហោ ទីតាំងផ្ទះលេខ ៤៨A ផ្លូវលេខ ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
លោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមអំពីសំណាក់កម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ សង្កាត់ និងប៉ុស្តិ៍បឹងត្របែក បានចុះមកធ្វើការបង្ក្រាប និងបិទអាជីវកម្មហាង អ៊ីនធើរណេតគ្មានយីហោ មួយកន្លែងខាងលើ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ដោយបានធ្វើការឃាត់ខ្លួនបុគ្គលិកជាអ្នកមើលការខុសត្រូវចំនួន៣នាក់ ក្នុងនោះមានបុរស២នាក់ និងនារីម្នាក់ ព្រមទាំងបុរសជាអ្នកលេង១នាក់ផងដែរ សរុបទាំងអស់ចំនួន៤នាក់។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)














ចែករំលែកព័តមាននេះ