ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋនាំចិញ្ចឹមត្រីឲ្យបានដល់១០ម៉ឺនគ្រួសារ ពិសេសនោះចិញ្ចឹមត្រីអណ្តែងឲ្យក្លាយជាអធិរាជត្រីអណ្តែង ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកព្រៃកប្បាស នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានដាក់គោលដៅឲ្យមានពលរដ្ឋចិញ្ចឹមត្រីដល់១០ម៉ឺនគ្រួសារចិញ្ចឹមត្រី ខណៈបច្ចុប្បន្នមានជាង៤ម៉ឺនគ្រួសារ ។

សម្តេចបន្តថា បច្ចុប្បនេះជើងហោះហើរបានផ្អាកជើងហោះហើរច្រើន ដូច្នេះគេផ្អាកផលិតគ្រឿងយន្ត ក្នុងនោះក៏មានផ្អាកទិញឡាន ម៉ូតូ ក៏ប៉ុន្តែគេមិនអាចផ្អាកទិញសម្ភារៈសម្រាប់ហូបបាននោះទេ ។ ដូច្នេះ វាជាឱកាសសម្រាប់ប្រទេសដែលជាអ្នកផលិត ។ សម្តេចបញ្ជាក់ថា ៖«យើងត្រូវប្រែក្លាយវិបត្តិកូវីដ១៩នេះឲ្យក្លាយជារបស់កម្ពុជា ដើម្បីពង្រីកទីផ្សានាំចេញនៅប្រភេទស្បៀងទាំងឡាយ មិនមែនតែអង្ករនោះទេ យើងនាំចេញទាំងម្យ៉ៅមី ចេក ស្វាយ…» ។

សម្តេចបន្តថា យើងអាចផ្អាកទិញ និងផលិតម៉ូតូកង់បាន ប៉ុន្តែុយើងមិនអាចផ្អាក ហូបបានទេ ។ ដូច្នេះយើងត្រូវតែបង្កើតសមត្ថភាពផលិតនូវអ្វីដែលប្រជាជនត្រូវការនូវអ្វីដែលតំបន់ និងពិភពលោកត្រូវការ ។ អាលូវនេះអាចក្រុមហ៊ុនលក់មិនដាច់ ប៉ុន្តែអ្នកផលិតស្រូវ អង្ករ ឬអ្វីដែលជាផលិតផលស្បៀង គឺនៅតែមានឱកាសចូលទីផ្សារ ។ សម្តេចក៏បានស្នើឲ្យពិនិត្យមើលនូវបញ្ហាទាំងឡាយដែលទាក់ទង និងផលិតកម្មកសិកម្មរបស់យើង ។ យើងមិនទាន់ចប់ថ្ងៃនេះទេ គឺត្រូវធ្វើការស្រាវជ្រាវបន្ត អ្នកបច្ចេកទេសយើងបានចុះមកស្រាវជ្រាវបន្តទៀត ។

សម្តេចតេជោក៏បានឲ្យអ្នកចិញ្ចឹមបង្កង ជំរុញឲ្យមានការចិញ្ចឹមកាន់តែច្រើន ជាងនេះមិនថា បង្កងទេ ត្រូវចិញ្ចឹមត្រី ឲ្យបានច្រើនប្រភេទរាប់ទាំងត្រីអណ្តែង ឲ្យទៅជាអធិរាជត្រីអណ្តែង ។ បច្ចុប្បន្ននេះ យើងមានជាង៤ម៉ឺនគ្រួសារ តែយើងត្រូវដាក់គោលដៅឲ្យបាន ១០ម៉ឺនគ្រួសារ ។ សម្តេចក៏បានលើកឡើងថា ការដាក់គោលដៅនេះមិនបានប៉ះពាល់ដល់ទីផ្សារនោះទេ ព្រោះថានៅពេលដែលលក់មិនដាច់ទុកនៅសិន បើសិនលក់មិនអស់យកមកវិញធ្វើត្រីងៀត ឬស្រីប្រឡាក់ ។

ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ប្រទេសកម្ពុជា គឺប្រទេសកសិកម្ម ។ បើសិនមានការបិទរោងចក្រ ឬសណ្ឋាគារនោះក៏មិនស្លាប់ដែរ ព្រោះថា នៅកម្ពុជាកម្មករមិនទាន់ផ្តាច់ខ្លួនពីវិស័យកសិកម្មនៅឡើយទេ ។ កម្ពុជាមិនដូចប្រទេសគេទេ ពីព្រោះគេធ្វើឧស្សាហកម្មនៅពេលឪពុកម្តាយគេធ្វើឧស្សាហកម្មកូនក៏ធ្វើឧស្សាហកម្ម ដូច្នេះនៅពេលមានវិបត្តិសេដ្ឋកិច្ចនោះពួកគេនឹងជួបវិបត្តិដែរ ។

ផ្ទុយទៅវិញកម្ពុជា ជាក់ស្តែងកម្មករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ ពួកគេក៏បានចូលរួមក្នុងវិស័យកសិកម្មផងដែរ ។ សម្តេចបញ្ជាក់ថា៖«កម្មករមកពីថៃជាង១០ម៉ឺននាក់ ពួកគេក៏ចូលរួមពលកម្មក្នុងវិស័យកសិកម្ម ។ កម្មករដែលបាត់បង់ការងារធ្វើមកស្រុកកំណើត ហើយទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក៏បានចូលរួមក្នុងវិស័យកសិកម្មជាមួយឪពុកម្តាយដែលជាកសិកម្មនៅឡើយ ។ អីញ្ចឹងកម្លាំងដែលបំពេញបន្ថែមដែលបាត់បង់ពីវិស័យសេវាកម្ម ឧស្សាហកម្ម និងបំពេញក្នុងវិស័យកសិកម្ម» ៕
ចែករំលែកព័តមាននេះ