ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គ្រូពេទ្យស្រីម្នាក់ត្រូវបានជនសង្ស័យម្នាក់កាប់ចំ.កក្រោមត្រចៀកបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ រួចក៏យកសពនារីរងគ្រោះទៅបោះចោលក្នុងស្រះទឹក ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរបើកបន្ទប់ព្យាបាលជំងឺទូទៅ ហើយត្រូវជនសង្ស័យកាប់ចំ.កក្រោមត្រចៀក បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនសង្ស័យជាឃាតករពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា ជនសង្ស័យដែលកាប់ទៅលើជនរងគ្រោះ ដោយសារមានរឿងគំនុំអ្វីនៅឡើងនោះទេ។
ប្រភពដដែលបន្តថា ជនសង្ស័យបានកាប់ស្ត្រីជាគ្រូពេទ្យម្នាក់ដែលជាអ្នកបើកកន្លែងថែរក្សា និងព្យាបាលជំងឺមួយកន្លែង បណ្តាលឲ្យបាត់បង់ជីវិត រួចក៏បានយកសាកសពស្ត្រីរងគ្រោះទៅបោះចោលក្នុងស្រះទឹកដែលនៅខាងក្រោយផ្ទះរបស់ជនរងគ្រោះតែម្តង។ ក្រោយពេលកើតហេតុ សាកសពស្ត្រីរងគ្រោះត្រូវបានបុរសជាប្តីប្រទះឃើញនៅក្នុងស្រះទឹកក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ទើបបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងកម្លាំងអធិការនគរបាលស្រុកបានសហការគ្នាចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិនិច្ឆ័យ និងស្រាវជ្រាវរកឃាតករពិត យកមកផ្តន្ទាទោសចំពោះមុខច្បាប់។
ក្នុងនោះផងដែរ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកប្រាសាទបល្ល័ង្ក ក៏បាននាំខ្លួនបុរសជាប្តី និងឪពុកក្មេករបស់ស្ត្រីរងគ្រោះ ទៅកាន់អធិកាដ្ឋានដើម្បីសាកសួរហើយ តែចម្លើយជាយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ។ ចំណែកសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនបងប្អូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅពេលក្រោយ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ