តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋមកម្ពុជាឲ្យ «ពាក់ម៉ាស់ការពារពេលចាំបាច់» និងប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ ជាពិសេសសម្តេចតេជោលើកទឹកចិត្តឲ្យប្រើប្រាស់ «ម៉ាស់ក្រម៉ា» ដើម្បីសន្សំសំចៃលុយ ព្រោះម៉ាស់ក្រម៉ាមួយអាចប្រើបានរហូតដល់មួយខែពេញ ។

សម្តេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំអំពាវនាវឲ្យពលរដ្ឋពាក់ម៉ាស់នៅពេលវេលាចាំបាច់» ដើម្បីការពារការឆ្លងនូវជំងឺកូវីដ ១៩ ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងប្រាប់កសិករនាឱកាសសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ មួយកន្លែងព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ម៉ាស់ក្រម៉ាអាចបោកទឹកសម្អាតបាន ហើយអាចសន្សំលុយបានទៀតផង ។

សម្តេចក៏បានអំពាវនាវពលរដ្ឋកុំមានការធ្វេសប្រហែស ព្រោះសម្តេចកត់សម្គាល់ឃើញថាពលរដ្ឋពាក់ម៉ាស់កាន់តែតិចទៅៗ ដូច្នេះពលរដ្ឋមិនត្រូវធ្វេសប្រហែសឡើយ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២១ កក្កដានេះ កម្ពុជាបានរកឃើញករណីវិជ្ជមានថ្មីនៃកូវីដ ១៩ ចំនួន ២៦ នាក់បន្ថែម ដែលនាំឲ្យករណីវិជ្ជមានកូវីដ ១៩ ទូទាំងប្រទេសកម្ពុជាមានចំនួន ១៩៧ និងមានចំនួនអ្នកជាសះស្បើយមានចំនួន ១៤០ នាក់ ស្មើនឹង ៧១,០៧% ធៀបនឹងចំនួនអ្នកមានជំងឺកូវីដទាំងអស់ ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ៕
ចែករំលែកព័តមាននេះ